(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យរបស់អនុប្រធានាធិបតីអាមេរិក ម៉ៃក៍ ភែន (Mike Pence) បានរាយការណ៍ឲ្យដឹងថា បុគ្គលិកម្នាក់ ដែលធ្វើការក្នុងការិយាល័យរបស់លោកអនុប្រធានាធិបតី បានតេស្តឃើញលទ្ធផលវិជ្ជមានចំពោះ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន POLITICO នារសៀលថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០។

សេចក្តីថ្លែងការណ៍មួយបានលើកឡើងយ៉ាងដូច្នេះថា «យើងត្រូវបានគេជូនដំណឹងថា បុគ្គលិកក្នុងការិយាល័យអនុប្រធានាធិបតីម្នាក់ បានតេស្តឃើញវិជ្ជមានចំពោះ COVID-19។ ទាំងលោកប្រធានាធិបតី ត្រាំ និងអនុប្រធានាធិបតី ម៉ៃក៍ ភែន មិនមានទំនាក់ទំនងជិតស្និទ្ធជាមួយបុគ្គលម្នាក់នោះទេ ខណៈការតាមដានទំនាក់ទំនងបន្ថែមទៀត កំពុងត្រូវបានអនុវត្ត ស្របតាមគោលការណ៍ណែនាំរបស់មជ្ឈមណ្ឌលគ្រង់គ្រង និងបង្ការជំងឺ CDC»

សេចក្តីជូនដំណឹងខាងលើ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានសមាជិកសភាតំណាងរាស្ត្រអាមេរិកជាច្រើនរូប បានបិទការិយាល័យរបស់ខ្លួននៅទីក្រុងវ៉ាស៊ីនតោន ឬដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកពីគេ ក្រោយពីរកឃើញថា សមាជិកសភាពីររូបតេស្តវិជ្ជមានចំពោះ COVID0-19 កាលពីថ្ងៃពុធសប្តាហ៍នេះ។

គួរជម្រាបថា បច្ចុប្បន្នរដ្ឋទាំង ៥០ នៅក្នុងសហរដ្ឋអាមេរិក សុទ្ធតែមានករណីឆ្លង COVID-19 ហើយគ្រាន់តែពេញមួយថ្ងៃសុក្រម្សិលមិញ (ម៉ោងនៅវ៉ាស៊ីនតោន) មានករណីឆ្លងថ្មីៗរហូតដល់ ៣៨៩នាក់។ បើគិតត្រឹមម៉ោងនេះ ប្រទេសមហាអំណាចដែលមានប្រជាជានប្រមាណជាង ៣០០លាននាក់នេះ មានករណីឆ្លងជំងឺ COVID-19 សរុប ១៩,៧៧២ករណីហើយ ក្នុងនោះ ២៧៩នាក់ស្លាប់បាត់បង់ជីវិត៕