(អូហ្គាដូហ្គូ)៖ សេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលបួគីណាហ្វាសូ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងរ៉ែនៃប្រទេសអាហ្វ្រិកខាងលិចមួយនេះ គឺលោក អូម៉ារូ អ៊ីដានី (Oumarou Idani) ត្រូវបានធ្វើតេស្តចេញលទ្ធផល «វិជ្ជមាន» ចំពោះវីរុសកូរ៉ូណាថ្មី (COVID-19) ដែលជាហេតុធ្វើឲ្យក្នុងជួររដ្ឋាភិបាលមានរដ្ឋមន្ត្រីសរុប ០៤រូបហើយឆ្លងជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០។

ប្រភពខាងលើនេះបានឲ្យដឹងទៀតថា លោក Oumarou Idani ត្រូវបានធ្វើតេស្តរកឃើញផ្ទុក COVID-19 ក្រោយពីលោកបានដឹកនាំ គណៈប្រតិភូបួគីណាហ្វាសូ ត្រឡប់មកពីបំពេញទស្សនកិច្ចប្រទេសកាណាដាវិញ។ លោកគឺជារដ្ឋមន្ត្រីទី ៤ ហើយរបស់បួគីណាហ្វាសូ ដែលបានឆ្លងជំងឺរាតត្បាតសកលនេះ ខណៈស្ថានភាពសុខភាពរបស់លោក ត្រូវបានគេអះអាងថា នៅល្អជាធម្មតានៅឡើយក្នុងកំឡុងការព្យាបាល។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីបួគីណាហ្វាសូបីរូបទៀត ដែលបានឆ្លងជំងឺ COVID-19 រួចមកហើយនោះមានដូចជា រដ្ឋមន្ត្រីក្រសួងអប់រំ, ក្រសួងរដ្ឋបាលដែនដី, និងក្រសួងការបរទេស។ ប្រទេសអាហ្វ្រិកខាងលិចមួយនេះ បានរកឃើញអ្នកឆ្លង COVID-19 ដំបូងនៅថ្ងៃទី០៩ ខែមីនា ហើយរហូតមកដល់ពេលនេះមានសរុប ៤០ករណី។ ជុំវិញបញ្ហានេះប្រធានាធិបតីបួគីណាហ្វាសូលោក រ៉ូច ម៉ាច គ្រីស្ទាន កាប័រ (Roch Marc Christian Kabore) បានប្រការដាក់បំរាមគោចរ ទូទាំងប្រទេសចាប់ពីម៉ោង ៧៖០០នាទីយប់រហូតដល់ម៉ោង ៥៖០០នាទីព្រឹក ដោយចាប់អនុវត្តពីថ្ងៃសៅរ៍នេះតទៅតែម្តង៕