(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន (Mike Pence) បាននិយាយកាលពីថ្ងៃសុក្រម្សិលមិញនេះ (ម៉ោងនៅវ៉ាស៊ីនតោន) ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក គឺកំពុងតែប្រឹងប្រែងបន្ថែមដើម្បីធានាថា ការផ្គត់ផ្គង់ម៉ាសជូនបុគ្គលិកសុខាភិបាលពិតជាបានគ្រប់គ្រាន់ ក៏ដូចជាបំពង់ខ្យល់អុកស៊ីសែន សម្រាប់អ្នកជំងឺជាជនជាតិអាមេរិក ដែលកំពុងទទួលការព្យាបាលផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី ២១ ខែមីនា ឆ្នាំ២០២០។

ចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន លោក Pence បានលើកឡើងយ៉ាងដូច្នេះថា «យើងបន្តធ្វើតាមការណែនាំរបស់ប្រធានាធិបតី ដែលបានប្រាប់ឲ្យពួកយើងស្វះស្វែងរក ដោយប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីពង្រីកបន្ថែមចំពោះការផ្គត់ផ្គង់បរិក្ខាពេទ្យ ដែលចាំបាច់សម្រាប់ការពារខ្លួនជូនដល់មន្ទីរពេទ្យនានា»

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានមានប្រសាសន៍ថា រដ្ឋាភិបាលសហព័ន្ធនឹងបញ្ជូន «ម៉ាស» រាប់លានទៅកាន់រដ្ឋនានា។ ជាមួយគ្នានេះ លោកក៏បានបន្ថែមទៀតថា «យើងមានម៉ាស់រាប់លាន ដែលនឹងមកដល់នាពេលឆាប់ៗនេះ ដើម្បីចែកជូនទៅរដ្ឋនានា។ រដ្ឋនានាគឺពិតលំបាកណាស់ ក្នុងការទទួលបានម៉ាសទាំងនេះ»។

កាលពីថ្ងៃសុក្រម្សិលមិញក្រុមហ៊ុនផលិតម៉ាស់ 3M បានឲ្យដឹងថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺ COVID-19 ផលិតកម្មផលិតម៉ាសរបស់ខ្លួនបានកើនឡើងទ្វេដង ពោលគឺក្នុងមួយខែក្រុមហ៊ុននេះបានផលិតម៉ាស់ជាង ១០០លានម៉ាស។ ទោះជាយ៉ាងណា ក្រុមហ៊ុននេះគ្រោងនឹងបង្កើនការវិនិយោគរបស់ខ្លួន នៅសហរដ្ឋអាមេរិក ដើម្បីពង្រីកសមត្ថភាពផលិត ៣០% បន្ថែមទៀតក្នុងរយៈពេល ១២ខែបន្ទាប់។

គួរជម្រាបថា រហូតមកដល់នេះសហរដ្ឋអាមេរិកបានរាយការណ៍ពីករណីឆ្លង COVID-19 ចំនួន ១៨,៥៦៣ករណី ក្នុងនោះអ្នកជំងឺ ២២៧នាក់ស្លាប់ និងស្ថិតក្នុងចំណោមប្រទេសដែលកំពុងរងគ្រោះធ្ងន់ធ្ងរបំផុត ដោយសារតែជំងឺឆ្លងសកល COVID-19៕