(សេអ៊ូល)៖ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់តេស្តអាវុធជាបន្តបន្ទាប់ ទីបំផុតកូរ៉េខាងត្បូងបានចេញមុខរិះគន់ថា វាគឺជារឿងមិនសមរម្យទាល់ តែសោះក្នុងការធ្វើបែបនេះ ស្របពេលដែលពិភពលោកទាំងមូល កំពុងរងការយាយីដោយសារជំងឺដ៏កាចសាហាវ COVID-19 ហើយស្រាប់ តែទីក្រុងព្យុងយ៉ាងបែរជាបង្កបញ្ហាឲ្យឈឺក្បាល ពីលើបន្ថែមទៀតយ៉ាងដូច្នេះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០។

យោធាកូរ៉េខាងត្បូងបានលើកឡើងដូច្នេះថា «ការធ្វើសកម្មភាពយោធារបស់កូរ៉េខាងជើង គឺមិនសមរម្យខ្លាំងណាស់ នៅក្នុងពេលវេលាមួយដែល COVID-19 កំពុងតែបង្កបញ្ហាលំបាក ដល់ពិភពលោកទាំងមូល» ហើយបានទទូចឲ្យទីក្រុងព្យុងយ៉ាង ឈប់ធ្វើបែបនេះតទៅទៀត។ ការបាញ់តេស្តមីស៊ីលរបស់កូរ៉េខាងជើងនៅថ្ងៃសៅរ៍នេះ គឺជាលើកទី ៣ ហើយ បន្ទាប់ពីការបាញ់ការថ្ងៃទី០២ និងទី០៩ ខែមីនា។

គួរជម្រាបថា មកទល់ពេលនេះកូរ៉េខាងជើងមិនទាន់រាយការណ៍ ពីការរកឃើញអ្នកឆ្លង COVID-19 សូម្បីតែម្នាក់នោះឡើយ នៅក្នុងប្រទេសខ្លួន ប៉ុន្តែអន្តរជាតិសង្ស័យថា នៅក្នុងប្រទេសកុម្មុយនិស្តមួយនេះ ច្បាស់ជាមានអ្នកឆ្លង ដោយគ្រាន់តែទីក្រុងព្យុងយ៉ាងបានបិទបាំងព័ត៌មាន។ យ៉ាងណាក្តី កូរ៉េខាងជើងក៏ទើបតែបានបញ្ជាក់ដែរថា ខ្លួននឹងរៀបចំកិច្ចប្រជុំសភាពេញអង្គ នៅទីក្រុងព្យុងយ៉ាងតាមការគ្រោងទុក។ ព្រឹត្តិការណ៍នោះនឹងមានវត្តមានចូលរួម ពីមន្រ្តីជាន់ខ្ពស់ជិត ៧០០នាក់ នៅកន្លែងតែមួយ ដែលនឹងជាការបង្ហាញឲ្យឃើញពីភាពជឿជាក់ខ្ពស់ របស់កូរ៉េខាងជើង ក្នុងការគ្រប់គ្រងស្ថានការណ៍នៃការរាតត្បាតរបស់ COVID-19៕