(សេអ៊ូល)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០នេះ មជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺហៅកាត់ថា KCDC បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១៤៧ករណីបន្ថែមទៀត នៅទូទាំងប្រទេស។ នេះបើយោងតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNA។

តួលេខដ៏ថ្មីសន្លាងដែលទើបតែត្រូវបានរាយការណ៍ឲ្យដឹងនេះ វាបានធ្វើឲ្យអត្រាឆ្លងថ្មីៗនៃជំងឺ COVID-19 នៅក្នុងប្រទេសមួយនេះ បានហក់ឡើងបន្តិចមកវិញ បើប្រៀបធៀបនឹងតួលេខនាប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលស្ថិតនៅក្រោម ១០០ករណីជានិច្ច។ តួយ៉ាងដូចជា កាលពីថ្ងៃសុក្រម្សិលមិញនេះមានត្រឹមតែ ៨៧ករណីប៉ុណ្ណោះត្រូវបានរាយការណ៍។

កូរ៉េខាងត្បូងត្រូវបានគេចាត់ទុកថា ជាប្រទេសអាស៊ីមួយដែលបានរងគ្រោះ ធ្ងន់ធ្ងរបំផុតបន្ទាប់ពីចិន ដោយសារការផ្ទុះរីករាលដាលនៃជំងឺ COVID-19។ ប្រទេសអាស៊ីខាងកើតមួយនេះ ដែលមានប្រជាជនជាង ៥០លាននាក់ មានអ្នកឆ្លងសរុបកើនដល់ ៨,៧៩៩នាក់ហើយ បើបូករួមទាំងករណីថ្មីៗដែលបានរាយការណ៍នៅថ្ងៃនេះ ក្នុងនោះអ្នកជំងឺ ១០២នាក់បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺដ៏កាចសាហាវមួយនេះ។

តែទោះយ៉ាងណា សន្ទុះនៃការឆ្លងរីករាលដាលនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចលំដាប់ទីបួន នៅអាស៊ីមួយនេះបានថមថយចុះយ៉ាងខ្លាំង នារយៈពេលមួយសប្តាហ៍ចុងក្រោយនេះ បើទោះបីចំនួនអ្នកឆ្លងថ្មីនៅថ្ងៃនេះ ហាក់ហក់ឡើងបន្តិចមកវិញក៏ដោយ ខណៈអ្នកជំងឺ ២,៦១២នាក់ជាសះស្បើយវិញទាំងស្រុង៕