(ប៉េកាំង)៖ នៅប្រទេសចិនមិនមានករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួនបីថ្ងៃជាប់ៗគ្នាមកហើយ លើកលែងតែករណីនាំចូលពីក្រៅប្រទេស ដែលមានត្រឹមតែ ៤១ករណីប៉ុណ្ណោះ សម្រាប់រយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញ នៅទូទាំងប្រទេសចិនតែម្តង។ នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី ២១ ខែមីនា ឆ្នាំ ២០២០។

ក្នុងចំណោម ៤១ ករណីថ្មីៗខាងលើ ដែលបាននាំចូលពីប្រទេសក្រៅមាន ១៤ករណីត្រូវបានរាយការណ៍នៅទីក្រុងប៉េកាំង ០៩ករណីនៅសៀងហៃ, ០៧ ករណី, ខេត្តក្វាងទុង (Guandong), ០៤ ករណីនៅខេត្តហ្វូជាន (Fujian), ០២ ករណីនៅខេត្តចេជាំង (Zhejiang) និង ០១ ករណីទៀតនៅស៊ីឈួន (Sichuan)។ តួលេខចុងក្រោយនេះ វាបានធ្វើឲ្យចំនួនករណីឆ្លងសរុបដែលនាំចូលពីក្រៅ បានកើនដល់ ២៦៩ករណីនៅទូទាំងប្រទេសចិន។

ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ របស់គណៈកម្មការសុខាភិបាលចិន (NHC) ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញបានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧១,៧៤០នាក់ ដោយក្នុងនោះ ៥៩០នាក់ទើបតែត្រូវបានគេអនុញ្ញាត ឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយពីពួកគេបានជាសះស្បើយឡើងវិញ កាលពីថ្ងៃសុក្រម្សិលមិញនេះ។

នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកបានកើនដល់ ៨១,០០៨ករណី ក្នុងនោះ ៣,២៥៥នាក់បានស្លាប់បាត់បង់ជីវិត។

និយាយជារួម សម្រាប់ថ្ងៃសុក្រ ទី ២០ ខែមីនាម្សិលមិញនេះ មានករណីឆ្លង COVID-19 ថ្មីៗបន្ថែមត្រឹមតែ ៤១ ករណីប៉ុណ្ណោះ។ ហើយករណីទាំង ៤១ នោះទៀតសោតសុទ្ធតែជាករណីនាំចូលជំងឺ COVID-19 ដែលត្រូវបានអាជ្ញាធរចិនធ្វើតេស្តរកឃើញ ខណៈចំនួនអ្នកសា្លប់នៅថ្ងៃដដែលនេះមានត្រឹមតែ ០៧ ប៉ុណ្ណោះនៅទូទាំងប្រទេសចិនតែម្តង៕