(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោកហៅកាត់ថា WHO បានប្រកាសថា នៅរយៈពេល ២៤ម៉ោងចុងក្រោយនេះ មនុស្សសរុប ១៧,៥០៦នាក់ទៀត ត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកវីរុសកូរ៉ូណាថ្មី (COVID-19) នៅក្នុងទ្វីបអឺរ៉ុប ដែលធ្វើឲ្យចំនួនអ្នកឆ្លងជំងឺរាតត្បាតសកលក្នុងតំបន់នេះ កើនឡើងដល់ ១០៤,៥៩១ករណី ក្នុងនោះអ្នកជំងឺសរុប ៤,៨៩៩នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០។

WHO បានឲ្យដឹងថា គិតត្រឹមម៉ោង ២៣៖៥៩នាទីយប់ថ្ងៃសុក្រ (ម៉ោងសកល) តួលេខអ្នកឆ្លង និងបាត់បង់ជីវិតថ្មីៗទៀត នៅតាមបណ្តាប្រទេសអឺរ៉ុប ត្រូវបានបូកបញ្ចូលបន្ថែមពីលើតួលេខចាស់។ សម្រាប់រយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញនេះ អ្នកឆ្លង COVID-19 បន្ថែមទៀតមានចំនួន ១៧,៥០៦នាក់ និងស្លាប់ ៨១៦នាក់។

គួរបញ្ជាក់ថា បណ្តាប្រទេសដែលកំពុងរងគ្រោះធ្ងន់ជាងគេនោះគឺ អ៉ីតាលី អេស្ប៉ាញ បារាំង និងអាល្លឺម៉ង់ ដោយប្រទេសទាំង ៤ នេះសុទ្ធតែមានករណីឆ្លងលើស ១០,០០០ករណីរៀងៗខ្លួន ហើយបើបូកចូលគ្នាវិញ គឺស្មើនឹងជាង ៨០,០០០ករណី ក្នុងនោះអ្នកជំងឺសរុប ៤,៥៦៦នាក់ស្លាប់។ ដោយឡែកចំនួនអ្នកឆ្លង COVID-19 សរុបនៅទូទាំងពិភពលោកមានជាង ២៣០,០០០ករណី ក្នុងនោះស្លាប់សរុបជាង ៩,០០០នាក់។

ជុំវិញសោកនាដកម្ម ដែលកាន់តែរីកធំពីមួយថ្ងៃទៅមួយថ្ងៃនេះ អង្គការសុខភាពពិភពលោក WHO ក៏នៅតែអំពាវនាវហើយ អំពាវនាវទៀតផងដែរ ឲ្យពិភពលោកទាំងអស់បង្កើនកិច្ចខិតខំប្រឹងប្រែទ្វេដង និងធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ដែលអាចទៅរួច ដើម្បីបញ្ឈប់ការឆ្លងរាលដាល COVID-19 និងសង្គ្រោះជីវិតមនុស្សជាតិ៕