(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃសុក្រ ទី២០ ខែមីនា បានប្រកាសថា បណ្តោយព្រំដែនរវាងសហរដ្ឋអាមេរិកនិងប្រទេសម៉ិចស៊ីកូ នឹងត្រូវបិទសម្រាប់ការធ្វើដំណើរដែលមិនសូវមានសារសំខាន់ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលនៃ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន USA TODAY នៅថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «ដូចទៅនឹងអ្វីដែលយើងបានសម្រេចធ្វើជាមួយកាណាដាដែរ គឺពួកយើងកំពុងសហការជាមួយម៉ិចស៊ីកូ ដើម្បីអនុវត្តគោលការណ៍ថ្មីនៅច្រកព្រំដែនរវាងប្រទេសទាំងពីរ ទាក់ទងការផ្អាកការធ្វើដំណើរចេញ-ចូល ដែលមិនសូវមានសារសំខាន់ជាបណ្តោះអាសន្នសិន ប៉ុន្តែវានឹងមិនប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មដោះដូរទំនិញឡើយ»។

គួរជម្រាបថា សេចក្តីប្រកាសខាងលើធ្វើឡើង បន្ទាប់ពីអាមេរិកបានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានឯកភាពគ្នាជាមួយកាណាដា ក្នុងការបិទព្រំដែនរវាងប្រទេសទាំងពីរ សម្រាប់ការធ្វើដំណើរដែលមិនសូវមានសារសំខាន់ ប៉ុន្តែទំនិញនិងការធ្វើពាណិជ្ជកម្ម គឺនៅតែអាចបន្តសកម្មភាពបានដដែល។ បើតាមសារព័ត៌មាន CNN នាពេលនេះ ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនដល់ប្រហែល១៥,៥៩៩នាក់ ក្នុងនោះស្លាប់យ៉ាងតិច១៩៧នាក់៕