(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងត្រូវបានគេកោតសរសើរយ៉ាងខ្លាំង ចំពោះសមត្ថិភាពគ្រប់គ្រង និងទប់ស្កាត់នៃការរីករាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេស។ ជាពិសេសគឺប្រព័ន្ធបច្ចេកវិទ្យាឃ្លាំមើល និងតាមដានអ្នកជំងឺ ព្រមទាំងកម្មវិធីតេស្តពិនិត្យរករោគ ដ៏ធំសម្បើមរបស់កូរ៉េខាងត្បូង ដែលបានដាក់ឲ្យប្រើប្រាស់នៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃសុក្រ ទី ២០ ខែមីនា ឆ្នាំ ២០២០។

កូរ៉េខាងត្បូងត្រូវបានគេចាត់ទុកថា ជាប្រទេសអាស៊ីមួយដែលបានរងគ្រោះ ធ្ងន់ធ្ងរបំផុតបន្ទាប់ពីចិន ដោយសារការផ្ទុះរីករាលដាលនៃជំងឺ COVID-19។ ប្រទេសអាស៊ីខាងកើតមួយនេះ ដែលមានប្រជាជនជាង ៥០លាននាក់ មានអ្នកឆ្លងសរុបប្រមាណជាង ៨ពាន់នាក់ ក្នុងនោះអ្នកជំងឺ ៩៤នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺដ៏កាចសាហាវមួយនេះ។

តែទោះយ៉ាងណា សន្ទុះនៃការឆ្លងរីករាលដាលនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចលំដាប់ទីបួន នៅអាស៊ីមួយនេះបានថមថយចុះយ៉ាងខ្លាំង នារយៈពេលមួយសប្តាហ៍ចុងក្រោយនេះ បើប្រៀបធៀបនឹងតួលេខ នៃអ្នកឆ្លងនាសប្តាហ៍មុនៗ។

បើតាមអ្នកអង្កេតការណ៍បានឲ្យដឹងថា និន្នាការនៃការធ្លាក់ចុះករណីឆ្លងថ្មីៗ នៅក្នុងប្រទេសកូរ៉េខាងត្បូងក៏ព្រោះតែប្រទេសនេះបានប្រើប្រាស់ «បច្ចេកវិទ្យាឃ្លាំមើល និងតាមដានយ៉ាងទូលំទូលាយពាសពេញប្រទេស» ដើម្បីកំណត់ថា តើនរណាជាអ្នកប្រភពចម្លងរោគដំបូងគេ។ ប្រព័ន្ធបច្ចេកវិទ្យាឃ្លាំមើល និងតាមដានអ្នកជំងឺទាំងនេះ គឺត្រូវបានធ្វើឡើងតាមរយៈកាមេរ៉ាសុវត្ថិភាព CCTV និងតាមរយៈកាតធានាគារ និងការប្រើប្រាស់ទូរស័ព្ទដៃជាដើម។

ចំនុចមួយទៀតដែលធ្វើឲ្យប្រទេសកូរ៉េខាងត្បូង ទទួលបានជោគជ័យក្នុងគ្រប់គ្រងស្ថានការណ៍ នៃរីករាលដាលជំងឺ COVID-19 ផងដែរនោះ គឺការធ្វើតេស្តហើយធ្វើតេស្តទៀត ពោលគឺធ្វើតេស្តយ៉ាងណា ឲ្យបានច្រើនបំផុតតាមទៅអាចធ្វើទៅបាន។ វាជាយុទ្ធសាស្ត្រដ៏សាមញ្ញ តែមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីកំណត់ និងស្វែងរកអ្នកជំងឺ។ ប្រទេសនេះ មានប្រព័ន្ធថែទាំសុខភាពដែលមានសមត្ថភាពខ្ពស់ និងឧស្សាហកម្មជីវបច្ចេកវិទ្យាទំនើប ដែលអាចផលិតឧបករណ៍ធ្វើតេស្តបានរហ័ស។ កត្តាទាំងនេះជួយឲ្យកូរ៉េខាងត្បូងមានសមត្ថិភាព អាចធ្វើតេស្តរហូតដល់ ១៥,០០០នាក់ក្នុងមួយថ្ងៃ។

ជាការពិតណាស់ ប្រទេសចិនក៏បានចែករំលែក និងចងក្រងជាសៀវភៅផងដែរ អំពីវិធីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃ COVID-19 ដែលខ្លួនជិតបានទទួលជោគជ័យ ទាំងស្រុងទៅហើយនោះ។ ដោយឡែក ជាជោគជ័យបឋម នៃប្រទេសកូរ៉េខាងត្បូងពេលនេះ គឺជាមេរៀនថ្មីថែមមួយទៀតផងដែរ សម្រាប់បណ្តាប្រទេសនានា យកទៅធ្វើការស្វែងយល់ ដើម្បីឈានទៅបង្កើតភាពជោគជ័យ លើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកល COVID-19៕