(ហ្សាការតា)៖ អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី ទើបតែបានប្រកាសឲ្យដឹងនៅល្ងាចថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ នេះថា ចំនួនមនុស្សស្លាប់ដោយសារតែជំងឺរាតត្បាតសកល COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ បានកើនឡើងដល់ ៣២នាក់ហើយ ក្នុងចំណោមអ្នកឆ្លងសរុប ៣៦៩នាក់។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ។

ឥណ្ឌូណេស៊ីបានរាយការណ៍ អំពីតួលេខចុងក្រោយអ្នកឆ្លង COVID-19 ថ្មីៗដែលត្រូវបានរកឃើញ ៦០នាក់បន្ថែមក្នុងមួយថ្ងៃ និងមនុស្សស្លាប់មានចំនួន ០៧នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនករណីសរុបកើនឡើងដូចខាងលើ។ ដោយឡែកអ្នកជំងឺសរុប ១៧នាក់ក៏បានជាសះស្បើយផងដែរ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីទើបតែបានរាយការណ៍ពីករណីឆ្លង COVID-19 ក្រោយគេ ក្នុងចំណោមបណ្តាប្រទេសផ្សេងៗក្នុងតំបន់ ប៉ុន្តែពេលនេះសន្ទុះនៃអ្នកឆ្លង និងស្លាប់មានការកើនឡើងយ៉ាងឆាប់រហ័ស បើធៀបនឹងប្រទេសក្បែរខាង ដូចជា ហ្វីលីពីន ម៉ាឡេស៊ី និងសិង្ហបុរីជាច្រើន៕