(ប៊ែរឡាំង)៖ រដ្ឋាភិបាលអាល្លឺម៉ង់អាចនឹងប្រកាសបិទប្រទេស នៅក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតមេរោគ កូរ៉ូណាថ្មី (COVID-19) ដែលប្រទេសអឺរ៉ុបមួយនេះកំពុងតែរងគ្រោះខ្លាំងឡើងៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់ពីប្រភពពីមន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់ នាល្ងាចថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។

មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់មួយរូបគឺលោក ហេក ប្រូន (Helge Braun) បានលើកឡើងថា «យើងនឹងពិនិត្យមើលឥរិយាបថជារួមរបស់ប្រជាជន នៅអំឡុងចុងសប្តាហ៍នេះ។ ថ្ងៃសៅរ៍នឹងជាថ្ងៃដែលយើងប្រកាសសេចក្តីសម្រេច»។ អាជ្ញាធរអាល្លឺម៉ង់បានចាត់វិធានការជាច្រើនរួចមកហើយ ប៉ុន្តែសន្ទុះនៃការឆ្លង COVID-19 នៅក្នុងប្រទេសអឺរ៉ុបមួយនេះ ហាក់ដូចជាមិនអាចបញ្ឈប់បានទេ។

គួរបញ្ជាក់ថា ប្រទេសអឺរ៉ុបដែលបានប្រកាសបិទទ្វារ ពីពិភពលោកខាងក្រៅរួចទៅហើយនោះមានដូចជា អ៉ីតាលី បារាំង និងអេស្ប៉ាញ ព្រោះតែប្រទេសទាំងបីនេះ មានការវាយលុកដោយជំងឺឆ្លងសកល COVID-19 ខ្លាំងជាងគេប្រចាំតំបន់ បើគិតលើចំនួនមនុស្សស្លាប់។ សម្រាប់អាល្លឺម៉ង់នៅថ្ងៃសុក្រនេះ តួលេខបង្ហាញថាមានអ្នកឆ្លង COVID-19 សរុប ៩,៨៧៧ករណី ក្នុងនោះអ្នកជំងឺ ២៦នាក់ស្លាប់៕