(ហ្សឺណេវ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានធានាជូនអ្នកការទូត និងអ្នកសារព័ត៌មាននានាថា ពួកគេអាចធ្វើការប្រកបដោយសុវត្ថិភាពគ្រប់គ្រាន់ ប្រសិនបើមានការចាំបាច់ ក្នុងការរៀបចំកិច្ចប្រជុំមហាសន្និបាត និងក្រុមប្រឹក្សាសន្តិសុខនៅទីស្នាក់ការកណ្តាល របស់អង្គការសហប្រជាជាតិ ទោះបីជាការគំរាមកំហែងពីសំណាក់ជំងឺឆ្លង COVID-19 នៅតែកើតមានក៏ដោយ។ នេះបើយោងតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី ២០ ខែមីនា ឆ្នាំ២០២០។

ចំពោះមុខក្រុមអ្នកសារព័ត៌មាន លោក អាន់តូនីញ៉ូ ហ្គូទែរែស បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំកំពុងធ្វើការនៅទីស្នាក់ការកណ្តាល នៃអង្គការសហប្រជាជាតិ។ បុគ្គលិកភាគច្រើនរបស់យើងកំពុងធ្វើការនៅផ្ទះ ហើយខ្ញុំជឿជាក់ថា នៅពេលពួកគេចាំបាច់ត្រូវមក ពួកគេអាចមកបានពីព្រោះខ្ញុំគិតថា យើងបានបង្កើតលក្ខខណ្ឌមួយ ដែលអាចធានាជូនដល់សុវត្ថិភាពរបស់ពួកគេបាន»។ ជាមួយគ្នានេះ លោកប្រធាន UN ក៏បានសង្កត់ធ្ងន់ផងដែរថា «វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបង្កើតលក្ខខណ្ឌនានាសម្រាប់រដ្ឋជាសមាជិក ដើម្បីអាចជួបគ្នាបាននៅក្នុងកាលៈទេសៈដ៏លំបាកនេះ»

លើសពីនោះទៀត ប្រមុខអង្គការសហប្រជាជាតិរូបនេះ ក៏បានសម្តែងសេចក្តីមោទនភាពយ៉ាងដូច្នេះថា «ខ្ញុំបានទាក់ទងជារៀងរាល់ថ្ងៃ ជាមួយការិយាល័យពី ០៨ ទៅ ១០ ការិយាល័យ និងបេសកកម្មរបស់យើងនៅជុំវិញពិភពលោក។ ខ្ញុំអាចប្រាប់អ្នកថា ខ្ញុំពិតជាមានមោទនភាពណាស់ ពីព្រោះសូម្បីតែនៅក្នុងកាលៈទេសៈដ៏លំបាកបំផុតនេះ ការិយាល័យអង្គការសហប្រជាជាតិនៅគ្រប់ទីកន្លែង នៅតែអាចបើកទូលាយសម្រាប់ការធ្វើបេសកកម្មដដែល ហើយយើងកំពុងធ្វើការងារនេះបន្តទៀត ដើម្បីធ្វើឲ្យប្រាកដថា យើងទាំងអស់គ្នាអាចផ្តល់ជូនសេវាកម្មរបស់ពួកយើង ដល់មនុស្សដែលយើងយកចិត្តទុកដាក់ និងមនុស្សដែលងាយនឹងរងគ្រោះបំផុត នៅគ្រប់ទីកន្លែង»