(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា (ពេលវេលានៅវ៉ាស៊ីនតោន) បានថ្លែងថា កប៉ាល់ទេសចរណ៍អាចនឹងត្រូវ ប្រើប្រាស់ជាមន្ទីរពេទ្យបណ្តែតទឹក ដើម្បីព្យាបាលជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។

ប្រធានក្រុមហ៊ុន ខានីវ៉ល (Carnival Corp) លោក ម៉ៃគី អារីសុន (Micky Arison) ដែលជាម្ចាស់ក្រុមហ៊ុនកប៉ាល់ល្បីៗដូចជា ខានីវ៉លគ្រូសឡាញ (Carnival Cruise Line), ព្រីនសេសគ្រូស (Princess Cruises), និង ហូឡេនដ៍អាមេរីខាឡាញ (Holland America Line) ជាដើម បានផ្តល់សំណើក្នុងន័យសប្បុរសធម៌បែបនេះ។ បើតាមលោក ដូណាល់ ត្រាំ លោក Arison បានលើកឡើងថា លោកមានកប៉ាល់មួយចំនួន ដែលសក្តិសមបំផុតសម្រាប់អ្វីដែលកំពុងកើតឡើង ដោយសារតែពួកវាមានទំហំធំ និងបន្ទប់ច្រើន ហើយប្រសិនបើរដ្ឋាភិបាលអាមេរិកត្រូវការ លោកនឹងដាក់ពង្រាយកប៉ាល់ទាំងនោះ តាមទីក្រុងផ្សេងៗរបស់សហរដ្ឋអាមេរិក។

វិស័យកប៉ាល់ទេសចរណ៍នៅជុំវិញពិភពលោក បានធ្លាក់ចុះក្នុងវិបត្តិធ្ងន់ធ្ងរ ដោយសារតែបញ្ហា COVID-19។ ដោយឡែកនៅសហរដ្ឋអាមេរិកវិញ ចំពោះមុខការផ្ទុះឡើងនៃករណីឆ្លង COVID-19 និងការខ្វះខាតគ្រែមន្ទីរពេទ្យ រដ្ឋាភិបាលកាលពីថ្ងៃពុធ ទី១៨ ខែមីនា បានសម្រេចបញ្ជូននាវាពេទ្យរបស់យោធាអាមេរិក USNS ខុមហ្វត (USNS Comfort) ដែលមាន ១,០០០បន្ទប់ ទៅកាន់រដ្ឋញូយ៉ក ហើយលោក ត្រាំ ក៏បានបញ្ជាក់ទៀតថា នឹងចល័តនាវាពេទ្យយោធាមួយគ្រឿងទៀតគឺ USNS មើស៊ី (USNS Mercy) ផងដែរ ខណៈរដ្ឋកាលីហ្វរញ៉ា និងរដ្ឋវ៉ាស៊ីនតោន ដែលសុទ្ធតែជារដ្ឋរងគ្រោះខ្លាំងដូចញូយ៉កដែរនោះ បានអំពាវនាវឲ្យបញ្ជូននាវានេះទៅកាន់រដ្ឋពួកគេ។

គួរបញ្ជាក់ថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនយ៉ាងគំហុករហូតដល់ ១១,២៧៤ករណីហើយ ក្នុងនោះអ្នកជំងឺ១៥៧នាក់បានស្លាប់។ នេះបើតាមមជ្ឈមណ្ឌលអាមេរិកសម្រាប់វិទ្យាសាស្ត្រ និងវិស្វកម្ម (CSSE) នៃសាកលវិទ្យាល័យ ចនស៍ ហបឃីនស៍ (Johns Hopkins) និងគ្រប់គ្រងជំងឺឆ្លង CDC៕