(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ៨៥នាក់ហើយ បន្ទាប់ពីអ្នកឆ្លងថ្មី ០៩ករណី ត្រូវបានរាយការណ៍ពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។

អ្នកឆ្លងថ្មីទាំង ០៩ករណីខាងលើ ក្នុងនោះរួមមានជនជាតិអាមេរិកកាំងម្នាក់ កំពុងរស់នៅក្នុងទីក្រុងហូជីមិញ (Ho Chi Minh) និងដែលធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសថៃ ហើយត្រឡប់មកប្រទេសវៀតណាមវិញ ដោយជិះនៅលើជើងហោះមួយមកពីប្រទេសតួកគី។ ចំណែកឯអ្នកឆ្លង ០៨នាក់ទៀត គឺជាជនជាតិវៀតណាមក្នុងនោះមាន មាននិស្សិតទៅរៀនក្រៅប្រទេស ០៤នាក់ ទើបត្រឡប់មកពីអង់គ្លេស និងម្នាក់ទៀត ទើបត្រឡប់មកពីប្រទេសបារាំង ហើយ ០៣នាក់មកពីអង់គ្លេស ឆ្លងកាត់តាមទីក្រុងឌូបៃ។

បើតាមក្រសួងសុខាភិបាលវៀតណាម មនុស្ស ១២២នាក់ ដែលសង្ស័យឆ្លង COVID-19 កំពុងអនុវត្តវិធានការនៅដាច់ដោយឡែកពីគេ ខណៈជិត ៤២,០០០នាក់កំពុងទទួលការត្រួតពិនិត្យជាបន្តបន្ទាប់ គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈមនុស្ស ១៦នាក់ក្នុងចំណោមអ្នកឆ្លង ៨៥ករណីបានជាសះស្បើយ៕