(បរទេស)៖ រាជវាំងម៉ូណាកូនាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសឲ្យដឹងថា ព្រះអង្គម្ចាស់ Albert II ដែលជាប្រមុខរដ្ឋ ប្រទេសដ៏តូចនេះ ទើបតែត្រូវបានធ្វើតេស្តរកឃើញ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Euronews នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។

បើតាមសេចក្តីថ្លែងការណ៍ខាងលើដដែល ព្រះអង្គម្ចាស់ Albert II បានទទួលការធ្វើតេស្តរក COVID-19 កាលពីដើមសប្តាហ៍នេះ ហើយទោះជាបែបនេះក្តី ព្រះរាជសុខភាពរបស់ទ្រង់គឺពុំមានអ្វីគួរឲ្យបារម្ភនោះទេ ខណៈបច្ចុប្បន្នទ្រង់កំពុងបន្តបំពេញព្រះរាជកិច្ច ពីអាផាតមិនឯកជនរបស់ទ្រង់។

គួរជម្រាបថា កាលពីប៉ុន្មានថ្ងៃមុន ទើបតែមានព័ត៌មានថា លោក Serge Telle ដែលជានាយករដ្ឋមន្រ្តីម៉ូណាកូ ក៏បានឆ្លងជំងឺនេះ ដែរ។ ម៉ូណាកូ គឺជាទីក្រុងរដ្ឋអធិបតេយ្យដ៏តូចហើយមានស្តុកស្តម្ភមួយ នៅលើពិភពលោក ដែលស្ថិតនៅតំបន់ French Riviera របស់ប្រទេសបារាំង ហើយមានផ្ទៃដីត្រឹម២.០២គីឡូម៉ែត្រក្រឡា និងប្រជាជនរស់នៅជាង៣.៨ម៉ឺននាក់ប៉ុណ្ណោះ៕