(ហាណូយ)៖ អាជ្ញាធរវៀតណាមបានរាយការណ៍ឲ្យដឹងថា ខ្លួនបានត្រៀមវេជ្ជបណ្ឌិតចំនួន៩០,០០០នាក់ និងគិលានុបដ្ឋាយិកាចំនួន ១២៥,០០០នាក់ ព្រមទាំងបានប្រែក្លាយកន្លែងជាច្រើន ឲ្យទៅមណ្ឌលសម្រាប់តាមដាន និងព្យាបាលអ្នកជំងឺ Covid-19 ផងដែរ។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន VNEXpress នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ ២០២០។

ប្រភពពីមន្ត្រីវៀតណាម បានឲ្យដឹងយ៉ាងដូច្នេះថា «គិតត្រឹមថ្ងៃពុធម្សិលមិញ មានគ្រូពេទ្យចំនួន៩០,០០០ នាក់ និងគិលានុបដ្ឋាយិកាចំនួន ១២៥,០០០នាក់នៅទូទាំងប្រទេសត្រូវបានត្រៀមលក្ខណៈ ដើម្បីចេញបំពេញប្រតិបត្តិការ ក្នុងករណីដែលវៀតណាមមើលឃើញមាន ការកើនឡើងខ្លាំងថែមទៀតនៃអ្នកឆ្លង Covid-19។ លើសពីនោះទៀត បើចាំបាច់និស្សិតពេទ្យក៏នឹងចូលរួមជាកម្លាំងដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកលមួយនេះផងដែរ»

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc កាលពីថ្ងៃអង្គារសប្តាហ៍នេះបាននិយាយថា មន្ទីរពេទ្យគ្រប់លំដាប់ថ្នាក់ ព្រមទាំងយោធា និងកម្លាំងប៉ូលិស ត្រូវតែរៀបចំខ្លួនឲ្យបានរួចជាស្រេច ដើម្បីចេញធ្វើសកម្មភាពបានទាន់ពេលវេលា នៅពេលត្រូវការ។

គួរជម្រាបថា រហូតមកទល់នឹងពេលនេះ ប្រទេសវៀតណាម បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ Covid-19 ចំនួន៧៦នាក់ ក្នុងនោះ អ្នកជាសះស្បើយមាន១៦នាក់ និងពុំមានអ្នកជំងឺណាម្នាក់បានបាត់បង់ជីវិតឡើយ៕