(វ៉ាស៊ីនតោន)៖ អាជ្ញាធររដ្ឋកាលីហ្វរញ៉ា នៃសហរដ្ឋអាមេរិកបានអះអាងថា ប្រជាជនដែលគ្មានផ្ទះសម្បែងជាង ៦០,០០០ នាក់ អាចប្រឈមមុខនឹងការឆ្លងជំងឺ COVID-19 នៅក្នុងរយៈពេល ០៨សប្តាហ៍ខាងមុខ។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។

ដើម្បីជាវិធានការទប់ស្កាត់កុំឲ្យជំងឺ COVID-19 អាចរីករាលដាលដល់ក្រុមមនុស្សគ្មានផ្ទះសម្បែង លោក Gavin Newsom ដែលជាអភិបាលរដ្ឋកាលីហ្វរញ៉ា បានចេញបទបញ្ជាប្រតិបត្តិមួយដែលអនុញ្ញាតឲ្យបញ្ចេញកញ្ចប់ថវិកាចំនួន ១០០ លានដុល្លាអាមេរិកដល់ទីក្រុង និងតំបន់នានាទូទាំងរដ្ឋកាលីហ្វរញ៉ា ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងទៅលើក្រុមមនុស្សគ្មានផ្ទះសម្បែង។ ព្រមជាមួយគ្នានោះ លោកក៏បានបញ្ជាឲ្យយកទូរស្នាក់នៅចល័តចំនួន១,៣០០ទូរ សម្រាប់ប្រើប្រាស់ជាលំនៅដ្ឋានបណ្តោះអាសន្នដល់ពួកគេផងដែរ។

លើសពីនោះទៀត លោកអភិបាលរដ្ឋក៏បានចេញបទបញ្ជាប្រតិបត្តិមួយទៀត ឲ្យបញ្ចេញទឹកប្រាក់ចំនួន ៥០លានដុល្លារ ដើម្បីប្តូរសណ្តាគារមួយចំនួនទៅជាកន្លែង ដែលមនុស្សគ្មានផ្ទះសម្បែងទាំងនោះ អាចស្នាក់នៅដាច់ដោយឡែកថែមទៀតផង ប្រសិនបើពួកគេឆ្លងជំងឺ។

គួរជម្រាបថា រដ្ឋកាលីហ្វរញ៉ាដែលជារដ្ឋមានប្រជាជនរស់នៅច្រើនជាងគេរបស់សហរដ្ឋអាមេរិក បានស្ថិតក្នុងចំណោមរដ្ឋ ដែលមានអ្នករងគ្រោះធ្ងន់ធ្ងរបំផុតដោយសារការឆ្លងរីករាលដាលនៃ COVID-19។ បើគិតត្រឹមល្ងាចថ្ងៃពុធ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) រដ្ឋមួយនេះបានរាយការណ៍ថា ពីករណីឆ្លងសរុប៥៩៨ករណី ក្នុងនោះ ១៧នាក់បានស្លាប់៕