(កង់បេរ៉ា)៖ រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលីលោកស្រី លីនដា រ៉េយណូលស៍ (Linda Reynolds) បាននិយាយថា កងកម្លាំងយោធាអូស្រ្តាលីត្រៀមលក្ខណៈរួចជាស្រេច ដើម្បីចូលរួមជួយក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងការរីករាលដាលនៃ COVID-19 នៅក្នុងប្រទេសអូស្រ្តាលី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។

កន្លងមកនេះ កងកម្លាំងយោធាអូស្រ្តាលីបានបញ្ជូនក្រុមអ្នកឯកទេសរបស់ខ្លួន ឲ្យសហការជាមួយក្រសួងសុខាភិបាលអូស្រ្តាលី និងចូលរួមជួយដល់ការផលិតម៉ាស ហើយឥឡូវលោកស្រី Reynolds បានលើកឡើងថា ខាងយោធាកំពុងបន្តឃ្លាំមើលស្ថានការណ៍ COVID-19 យ៉ាងដិតដល់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីផ្តល់ការជួយជ្រោមជ្រែងថែមទៀត ប្រសិនបើមានការទាមទារឲ្យធ្វើយ៉ាងដូច្នោះ។

លោកស្រីរដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី បានប្រកាសពីការត្រៀមលក្ខណៈបែបនេះ បន្ទាប់ពីអ្នកនាំពាក្យផ្នែកសុខាភិបាលរបស់គណបក្សប្រឆាំងអូស្រ្តាលី លោក គ្រីស បូវែន (Chris Bowen) បានចេញមុខអំពាវនាវឲ្យរដ្ឋាភិបាលអូស្រ្តាលី​ដាក់ពង្រាយកងកម្លាំងយោធា ដើម្បីជួយរៀបចំគ្លីនិកសង្រ្គោះបន្ទាន់ចំនួន ១០០កន្លែង ដែលរដ្ឋាភិបាលបានប្រកាសចង់បង្កើតឡើងនាពេលកន្លងទៅ ក្នុងខែមីនានេះ។

គួរជម្រាបថា កាលពីខែមករា ដើមឆ្នាំ២០២០នេះ រដ្ឋាភិបាលអូស្រ្តាលីបានសម្រេចប្រើប្រាស់កម្លាំងយោធាប្រមាណ ៦,៥០០នាក់ ដើម្បីជួយដល់កិច្ចប្រឹងប្រែងពន្លត់មហន្តរាយភ្លើងឆេះព្រៃ និងដល់កិច្ចការងារស្តារស្ថានការណ៍ឡើងវិញ។ ដោយឡែកគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ នៅអូស្ត្រាលីមានអ្នកឆ្លង COVID-19 សរុប ៦៣៧ករណី ក្នុងនោះរដ្ឋញូសោតស៍វែល (NSW) មានច្រើនជាងគេរហូតដល់ ៣០៧ករណី ខណៈអ្នកជំងឺ ០៦នាក់បាត់បង់ជីវិត និង ៤២នាក់ជាសះស្បើយ៕