(កង់បេរ៉ា/វែលីងតោន)៖ អូស្រ្តាលីនិងនូវែលសេឡង់ កំពុងត្រៀមបិទព្រំដែនរៀងៗខ្លួន មិនឲ្យអ្នកដែលពុំមានទីលំនៅក្នុងប្រទេសទាំងពីរ ឬជនបរទេសចូលទៀតនោះឡើយ ដើម្បីបង្កើនការទប់ស្កាត់ចំពោះការរីករាលដាលនៃ COVID-19 ដែលកំពុងតែយាយីពិភពលោក។ នេះ​បើតាមការដក​ស្រង់ការផ្សាយចេញពីសារព័ត៌មាន Bloomberg នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។

នាថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កត ម៉ូរីសុន (Scott Morrison) បានប្រកាសថា បម្រាមហាមឃាត់លើអ្នកមិនមាន​ទីលំនៅក្នុងប្រទេសអូស្រ្តាលី និងអ្នកមិនមែនជាពលរដ្ឋអូស្រ្តាលី នឹងត្រូវចាប់ផ្តើមអនុវត្តពីម៉ោង០៩៖០០នាទីយប់ថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោង​នៅទីក្រុងកង់បេរ៉ា)។ ក្នុងថ្ងៃដដែលនេះ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចាស៊ីនដា អាឌើន (Jacinda Ardern) ក៏បានប្រកាសពី​វិធានការដូចគ្នាផងដែរ ដែលនឹងត្រូវចាប់ផ្តើមអនុវត្តពីពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍នេះតែម្តង (ម៉ោងនៅទីក្រុងវែលីងតោន)។

គួរជម្រាបថា កន្លងមកនេះ ប្រទេសទាំងពីរបានរឹតបន្តឹងវិធានការទប់ស្កាត់ការឆ្លង COVID-19 ពីក្រៅប្រទេសរួចស្រេចទៅហើយ ដោយបាន​​តម្រូវឲ្យអ្នកដំណើរទាំងអស់ សូម្បីតែពលរដ្ឋខ្លួនដែលមកពីបរទេស ត្រូវនៅដាច់ដោយឡែកក្នុងផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដាន​សុខភាព​ផ្ទាល់ខ្លួន។ បច្ចុប្បន្ន រដ្ឋាភិបាលនៅជុំវិញពិភពលោក កំពុងតែខិតខំបង្កើនកិច្ចប្រឹងប្រែង ដើម្បីបញ្ឈប់ការរាតត្បាតនៃ COVID-19 ដោយ​​​សូម្បីតែសហរដ្ឋអាមេរិក និងកាណាដា បានសុខចិត្តឯកភាពគ្នាបិទព្រំដែនជាបណ្តោះអាសន្នសិន សម្រាប់ការធ្វើដំណើរដែលមិនសូវជា​ចាំបាច់ខ្លាំងរវាងប្រទេសទាំងពីរ។

នៅអូស្រ្តាលី ចំនួនអ្នកឆ្លង COVID-19 បានកើនដល់៦៣៦នាក់ ក្នុងនោះ៦នាក់បានស្លាប់ និង៤៣នាក់បានជាសះស្បើយ។ ចំណែកនៅក្នុង​ប្រទេសនូវែលសេឡង់វិញ ចំនួនអ្នកឆ្លង COVID-19 បានកើនដល់ត្រឹម២៨នាក់ប៉ុណ្ណោះ ប៉ុន្តែមិនទាន់មានអ្នកជាសះស្បើយនៅឡើយទេ៕