(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានចុះហត្ថលេខាលើច្បាប់អ នុញ្ញាត ឲ្យបញ្ចេញកញ្ចប់ថវិកាសង្គ្រោះបន្ទាន់មួយ ដែលមានទឹកប្រាក់ ១០០ពាន់លានដុល្លារអាមេរិក ដើម្បីឆ្លើយតបបញ្ហានានា ដែលបង្កឡើងដោយ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។

កញ្ចប់ថវិកាសង្រ្គោះបន្ទាន់ខាងលើ នឹងផ្តល់ជូនសម្រាប់ការធ្វើតេស្ត COVID-19 ដោយឥតគិតថ្លៃ, ការបង្កើនការធានារ៉ាប់រងភាពអត់ការងារធ្វើ, ជំនួយស្បៀងអាហារ, ព្រមទាំងការផ្តល់ប្រាក់ខែ សម្រាប់ការឈប់សម្រាកពីការងារជាដើម ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលយ៉ាងឆាប់រហ័ស នៃជំងឺរាតត្បាតសកល COVID-19។

នៅក្នុងសេចក្តីថ្លែងការណ៍ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំបានចុះហត្ថលេខាលើច្បាប់ ស្តីពីការឆ្លើយតបនឹងជំងឺកូរ៉ូណាវីរុស។ ច្បាប់នេះនឹងផ្តល់ជំនួយបន្ទាន់បន្ថែមទៀត ដើម្បីជួយប្រទេសជាតិក្នុងការឆ្លើយតប ទៅនឹងការផ្ទុះឡើងនៃវីរុសនេះ»

គួរជម្រាបថា លោកប្រធានាធិបតី ត្រាំ បានចុះហត្ថលេខាលើច្បាប់បញ្ចេញកញ្ចប់ថវិកាខាងលើ បន្ទាប់ពីព្រឹទ្ធសភាអាមេរិកបានអនុម័ត លើសេចក្តីព្រាងច្បាប់នេះ ដែលជាលទ្ធផលនៃការចរចាជាច្រើនថ្ងៃរវាងសេតវិមាន និងសភាតំណាងរាស្ត្រ។ បច្ចុប្បន្នចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិកបានកើនដល់ ៨,៧៣៦ករណីហើយ ក្នុងនោះអ្នកជំងឺ ១៤៩នាក់បានស្លាប់៕