(វ៉ាស៊ីនតោន)៖ សមាជិកសភាតំណាងរាស្ត្រមកពីររដ្ឋផ្លូវរីដា (Florida) លោក ម៉ារីអូន ដាយ៉ាស បាឡាត (Mario Diaz-Balart) និងម្នាក់ទៀត គឺលោក ប៊ិន ម៉ាកអាដាមស៍ (Ben McAdams) មកពីរដ្ឋយូតាហ៍ (Utah) បានក្លាយជាសមាជិកសភាអាមេរិក ០២នាក់ដំបូងគេបំផុត ដែលត្រូវបានគេធ្វើរកឃើញផ្ទុក COVID-19 ដែលជាជំងឺកំពុងរាតត្បាត ទូទាំងប្រទេសអំណាចមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។

សេចក្ដីថ្លែងការណ៍ចេញផ្សាយដោយ ការិយាល័យរបស់លោក Diaz-Balart នៅថ្ងៃពុធសប្ដាហ៍នេះបានឱ្យដឹងទៀតថា បច្ចុប្បន្នសមាជិកសភាតំណាងរាស្ត្រ នៃគណបក្សសាធារណរដ្ឋរូបនេះ កំពុងស្ថិតនៅដាច់ដោយឡែកពីគេ ដើម្បីទទួលការព្យាបាល។ លោក Diaz-Balart ក៏បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះដែរថា លោកស្ថិតនៅក្នុងស្ថានភាពប្រក្រតី ជាមួយការអំពាវនាវឱ្យប្រជាជនអាមេរិកទាំងអស់ អនុវត្តតាមសេចក្ដីណែនាំរបស់មជ្ឈមណ្ឌលអាមេរិក សម្រាប់បង្ការ និងគ្រប់គ្រងជំងឺឆ្លង CDC។ ប៉ុន្មានម៉ោងក្រោយមក លោក Ben McAdams ជាសមាជិកសភាតំណាងរាស្ត្រនៃរដ្ឋ Utah មកពីគណបក្សប្រជាធិបតេយ្យ ក៏បានប្រកាសថា លោកបានឆ្លងជំងឺ COVID-19 ផងដែរ។

បើតាម CDC ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនដល់ ៧,១១១ករណីហើយ ក្នុងនោះមាន ១១៧នាក់បានស្លាប់ គិតត្រឹមថ្ងៃពុធម្សិលមិញ ហើយរដ្ឋទាំង ៥០ នៅក្នុងសហរដ្ឋអាមេរិក សុទ្ធតែមានករណីឆ្លង COVID-19 បន្ទាប់ពីរដ្ឋ វែសត៍វ៉ឺជីនៀ (West Virginia) អះអាងពីការរកឃើញករណីឆ្លងដំបូង៕