(ហ្សឺណែវ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) បានហៅវីរុសកូរ៉ូណាថ្មី (COVID-19) ថាជា «សត្រូវប្រឆាំងមនុស្សជាតិ» ខណៈដែលចំនួនអ្នកឆ្លងសរុបនៅទូទាំងសកលលោក បានកើនដល់ជាង ២០០,០០០នាក់ ក្នុងនោះជាង ៨,០០០នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលជាទីស្នាក់កណ្តាលរបស់ WHO លោក Tedros បានលើកឡើងយ៉ាងដូច្នេះថា «វីរុសកូរ៉ូណានេះកំពុងតែបង្កការគំរាមកំហែង មិនធ្លាប់មានពីមុនមកឡើយចំពោះយើង។ បណ្តាប្រទេសនៅគ្រប់តំបន់ ចាំបាច់ត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីប្រយុទ្ធនឹងសត្រូវរួមនេះ»។

លោក Tedros ក៏បានព្រមានផងដែរថា ស្ថានការណ៍នឹងអាចផ្លាស់ប្តូរ យ៉ាងឆាប់រហ័សបំផុត ដែលតម្រូវឲ្យគ្រប់គ្នាត្រៀមខ្លួនទុកជាមុន ដើម្បីរឿងរ៉ាវអាក្រក់ដែលនឹងកើតឡើង។ បើតាមប្រមុខ WHO នៅតំបន់អាហ្វ្រិកមានការឆ្លងជំងឺរាតត្បាតសកល COVID-19 តិចតួចនៅឡើយ ហេតុដូច្នេះដំបូន្មានដ៏ល្អបំផុតនាពេលនេះ គឺបណ្តាប្រទេសអាហ្វ្រិកត្រូវតែត្រៀមខ្លួន សម្រាប់់ស្ថានការណ៍អាក្រក់ភ្លាមៗ ចាប់ពីថ្ងៃនេះតទៅតែម្តង។

គួរបញ្ជាក់ថា ចាប់តាំងពីប្រទេសចិនបានធូរស្រាលខ្លាំង ក្រោយការរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតដោយសារ COVID-19 នោះ បណ្តាប្រទេសអឺរ៉ុបបានក្លាយជាកន្លែងរងគ្រោះធ្ងន់បន្ត ដែលនេះជាមេរៀនដ៏អាក្រក់មួយ សម្រាប់តំបន់ផ្សេងទៀតលើពិភពលោក ដែលមិនទាន់មានការផ្ទុះករណីឆ្លង និងស្លាប់ច្រើននៅឡើយនោះ ឲ្យបង្កើនការប្រុងប្រយ័ត្នកាន់តែខ្លាំងក្លា៕