(រ៉ូម)៖ ចំនួនមនុស្សស្លាប់ដោយសារតែវីរុសកូរ៉ូណាថ្មី (COVID-19) បានកើនឡើងដល់ជិត ៣,០០០នាក់ហើយ ក្រោយពីអ្នកជំងឺប្រមាណ ៤៧៥នាក់ទៀតបានស្លាប់នៅក្នុងពេលតែមួយថ្ងៃ ដែលជាអត្រាមរណខ្ពស់បំផុត មិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីវីរុសនេះផ្ទុះឡើងនៅលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយ BBC នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។

ជុំវិញព័ត៌មានដ៏គួរឲ្យព្រួយបារម្ភខាងលើនេះ នាយកទទួលបន្ទុកគ្រាមានអាសន្ន របស់អង្គការសុខភាពពិភពលលោក WHO លោក ម៉ៃក៍ រីយ៉ាន (Mike Ryan) បានលើកឡើងថា ចំនួនមនុស្សស្លាប់កើនឡើងយ៉ាងគំហុកបែបនេះនៅអ៉ីតាលី ក៏ព្រោះតែការខ្វះខាតនៅក្នុងវិស័យសុខាភិបាល ហើយអត្រាមនុស្សចាស់ នៅក្នុងតំបន់ភាគខាងជើង ជាពិសេសតំបន់ ឡុំបាឌី (Lombardy) ដែលមានមនុស្សស្លាប់រហូតដល់ ៣១៩នាក់កាលពីថ្ងៃពុធនោះ ក៏មានខ្ពស់ផងដែរ។

គួរបញ្ជាក់ថា ចំនួនអ្នកឆ្លង COVID-19 សរុបនៅទូទាំងអ៉ីតាលី បានកើនឡើងដល់ ៣៥,៧១៣ករណី ក្នុងនោះជិត ៣,០០០នាក់ស្លាប់ និង ៤,០០០នាក់ជាសះស្បើយ។ មនុស្សស្លាប់ភាគច្រើនបំផុតត្រូវបានគេរាយការណ៍ថា ជាមនុស្សមានវ័យចំណាស់ និងមានជំងឺប្រចាំការជាដើម៕