(ប្រេស៊ីល)៖ បុគ្គលដ៏សំខាន់ម្នាក់នៅក្នុងជួររដ្ឋាភិបាល របស់លោកប្រធានាធិបតីប្រេស៊ីល Jair Bolsonaro គឺលោក Augusto Heleno ដែលជារដ្ឋមន្ត្រី ក្រសួងសន្តិសុខជាតិប្រេស៊ីលបានប្រាប់ឲ្យដឹង នាថ្ងៃពុធនេះថា លោកបានធ្វើតេស្តទទួលលទ្ធផលវិជ្ជមាននៃជំងឺកូរ៉ូណាថ្មី ដែលបង្កឡើងដោយវីរ៉ុស COVID-19, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយឲ្យដឹងនាយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ។

លោក Augusto Heleno គឺជាមន្ត្រីរដ្ឋាភិបាលចុងក្រោយគេបង្អស់នៃមន្ត្រីប្រេស៊ីល ដែលមានផ្ទុកវីរ៉ុស COVID-19 បន្ទាប់ពីបានអមដំណើរ លោកប្រធានាធិបតី ធ្វើដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលនោះពួកគេបានជួបជាមួយលោកប្រធានាធិបតី Donald Trump និងលោកអនុប្រធានាធិបតី Mike Pence។

មនុស្សចំនួន១៦នាក់ ដែលបានអមដំណើរលោកប្រធានាធិបតីប្រេស៊ីល ទៅសហរដ្ឋអាមេរិក ហើយពេលនេះពួកគេទទួលបានលទ្ធផលវិជ្ជមាន នៃវីរ៉ុស COVID-19 ក្នុងនោះរួមទាំងប្រធានផ្នែកទំនាក់ទំនងរបស់ប្រធានាធិបតី, សមាជិកព្រឹទ្ធសភា និងមន្ត្រីការទូតកំពូលរបស់ប្រេស៊ីល ប្រចាំនៅសហរដ្ឋអាមេរិកផងដែរ។

រដ្ឋមន្ត្រីវ័យ៧២ឆ្នាំរូបនេះ បានលើកឡើងថា «ខ្ញុំមិនមានផ្តាសាយ ឬរោគសញ្ញាផ្សេងណាមួយ ពាក់ព័ន្ធនឹង COVID-19 នោះទេ, ខ្ញុំកំពុងដាក់ខ្លួន នៅដាច់ដោយឡែកពីគេនៅផ្ទះ ហើយនឹងមិនទទួលទូរស័ព្ទឡើយ»

លោកប្រធានាធិបតីប្រេស៊ីល Bolsonaro បានធ្វើតេស្តលទ្ធផលអវិជ្ជមាន នៃវីរ៉ុស COVID-19 ដូចទៅនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ។ ខណៈប្រធានាធិបតីទាំងពីររូបនេះ បានប្រឈមមុខនឹងការរិះគន់ ស្តីពីការដោះស្រាយរបស់ពួកគេទៅលើការរាតត្បាតនៃវីរ៉ុស។

គួរបញ្ជាក់ថា ប្រេស៊ីល មានករណីឆ្លងវីរ៉ុសចំនួន២៩១ករណី ក្នុងនោះមានម្នាក់បានស្លាប់ កាលពីថ្ងៃអង្គារកន្លងទៅ៕