(អាមេរិក)៖ កំពុងស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែងនៃទីក្រុង Marrakesh នៃប្រទេសម៉ារ៉ុក ដែលស្ថិតនៅចំងាយជាង ៩,១៧៣គីឡូម៉ែត្រ ពីផ្ទះរបស់ ខ្លួនក្នុងទីក្រុង Phoenix នៃរដ្ឋ Arizona អ្នកនាង Gabrielle Almeter និងគ្រួសារ កំពុងស្វែងរកវិធីថាតើធ្វើយ៉ាងមេចទើបអាចត្រឡប់ទៅផ្ទះវិញបាន។

ដូចពលរដ្ឋអាមេរិកមួយចំនួន ដែលបានធ្វើដំណើរទៅបរទេស ចំពេលបណ្ដាប្រទេសនានាជុំវិញពិភពលោកបិទព្រំដែន និងលុបចោលជើងហោះហើរ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 អ្នកនាង Almeter និងគ្រួសារ កំពុងជាប់គាំងនៅក្នុងប្រទេសម៉ារ៉ុក។ អ្នកនាង និងគ្រួសារបានធ្វើដំណើរ ចាកចេញពីទីក្រុង Phoenix កាលពីថ្ងៃទី០៩ ខែមីនា ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសម៉ារ៉ុក ដោយត្រូវឈប់រង់ចាំជើងហោះហើរបន្តអឺរ៉ុប។ ប៉ុន្តែ នៅពេលពួកគេទៅដល់ទីក្រុងឡុងដ៍ លោក ដូណាល់ ត្រាំ ស្រាប់តែប្រកាសហាមឃាត់ប្រជាជនអឺរ៉ុបទាំងអស់ មកដំណើរមកកាន់សហរដ្ឋអាមេរិក ជាបណ្ដោះអាសន្ន។

ខណៈពលរដ្ឋអាមេរិក ដែលធ្វើដំណើរចេញពីទីក្រុងឡុងដ៍ ទៅប្រទេសម៉ារ៉ុក មិនជាប់ក្នុងបម្រាមរបស់លោក ត្រាំ អ្នកនាង Almeter និងគ្រួសារ ក៏សម្រេចចិត្តបន្តដំណើរទៅកាន់ រដ្ឋធានី Casablanca។ ប៉ុន្តែ នៅពេលទៅដល់ទីក្រុង Marrakesh ពួកគេស្រាប់តែជាប់គាំ មិនអាចចេញពីប្រទេសម៉ារ៉ុក បាន បន្ទាប់ពីរដ្ឋាបាលនៃប្រទេសមួយនេះសម្រេចចិត្តបិទព្រំដែន និងលុបចោលជើងហោះហើរអន្តរជាតិ។ មិនតែប៉ុណ្ណោះ អ្នកនាង Almeter ក៏ទទួល បានសេចក្ដីជូនដំណឹងផងដែរថា សំបុត្រយន្ដហោះរបស់អ្នកនាង និងគ្រួសារពីទីក្រុងឡុងដ៍ ទៅកាន់ទីក្រុង Phoenix ត្រូវបានលុបចោល។

អ្នកនាង Almeter បានលើកឡើងដូច្នេះថា៖ «ខ្ញុំ និងគ្រួសារពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះការផ្លាស់ប្ដូរដ៏លឿនរហ័ស កាលពីប៉ុន្មានថ្ងៃមុននេះ... ខ្ញុំយល់ថារដ្ឋាភិបាលម៉ារ៉ុក លុបចោលជើងហោះហើរ ដើម្បីទប់ស្កាត់ការរាតត្បាត COVID-19។ តែយ៉ាងណា ខ្ញុំមិនយល់ទាល់តែសោះ ថាហេតុអ្វីបាន ជាពួកគេមិនអនុញ្ញាតឱ្យជនបរទេសចេញពីប្រទេស»។ អ្នកនាងបន្ថែមថា ៖«បណ្ដាប្រទេសជាច្រើន ដូចជាបារាំង និងហូឡង់ កំពុងទំនាក់ទំនងជាមួយ រដ្ឋាភិបាលម៉ារ៉ុក ក្នុងការរៀបចំជើងហោះហើរ ធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ពួកគេ...ប៉ុន្តែរដ្ឋាភិបាលអាមេរិក មិនបានធ្វើអ្វីសោះមកទល់នឹងពេលនេះ»

គួរជម្រាបថា ក្រៅពីអ្នកនាង Almeter និងគ្រួសារ គ្រួសារអាមេរិកដទៃទៀត ក៏កំពុងជាប់គាំងនៅក្រៅប្រទេសផងដែរ។ យ៉ាងណាក៏ដោយ ខាងក្រសួងការបរទេសអាមេរិក មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយទេ នៅពេលត្រូវបានសាកសួរថាតើកំពុងពិចារណា រៀបចំជើងហោះហើរទៅដឹក ពលរដ្ឋរបស់ខ្លួន មកកាន់ស្រុកកំណើតវិញ ឬក៏យ៉ាងណានោះទេ៕

ប្រភព៖ USATODAY (ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០)