(បរទេស)៖ គិតត្រឹមល្ងាចថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០នេះ COVID-19 បានចម្លងទៅមនុស្ស សរុបចំនួន ២០០,០៩៩ ករណី ដែលក្នុងនោះ ៨,០១០ នាក់ស្លាប់ និង ៨២,៨១៣ នាក់ ជាសះស្បើយនៅទូទាំងសកលលោក។ នេះបើតាមសាកលវិទ្យាល័យ Johns Hopkins University ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP។

COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដី សរុបចំនួន ១៦៧ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាស ពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិក មួយប៉ុណ្ណោះ។

បណ្តាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដែលមានអ្នកឆ្លងលើសពី ១០០ករណីគឺមាន ៥៦ ប្រទេស និងដែនដី ដោយក្នុងនោះមាននៅអាស៊ីចំនួន ២៣ ប្រទេស-ដែនដី, អឺរ៉ុបចំនួន ២៨ ប្រទេស, ទ្វីបអាមេរិកចំនួន ០៣ប្រទេស ,ទ្វីបអូស្ត្រាលីចំនួន ០១ប្រទេស និងទ្វីបអាហ្វ្រិកចំនួន ០១ ប្រទេស៕