(សិង្ហបុរី)៖ អាជ្ញាធរសុខាភិបាសិង្ហបុរី នៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីនៃ COVID-19 ៤៧ករណីបន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងនៅទូទាំង ប្រទេសកើនដល់ ៣១៣នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០។

នេះគឺជាលើកទីមួយដែលករណីជំងឺឆ្លង នៅក្នុងប្រទេសសិង្ហបុរីកើនលើស ៣០០នាក់ ហើយករណីឆ្លងថ្មីខាងលើទៀតសោត ជាចំនួនច្រើនបំផុត ត្រូវ បានរាយការណ៍ គិតមកទល់នឹងបច្ចុប្បន្ន។ បើតាមអាជ្ញាធរសុខាភិបាសិង្ហបុរី ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៤៧ករណី មាន៣៣ករណី មានប្រភពមកពីក្រៅ ប្រទេស ក្នុងនោះរួមមាន៣០ករណី ត្រូវបានរកឃើញលើជនជាតិសិង្ហបុរី ដែលបានឆ្លង COVID-19 នៅបរទេស ហើយនាំជំងឺនេះចូលមកក្នុងសិង្ហបុរី វិញ។

ក្នុងចំណោមអ្នកទាំងនេះ មាន១៩នាក់ ធ្លាប់ធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប ខណៈ៦នាក់ ទៅកាន់តំបន់អាមេរិកខាងជើង។ ចំណែកឯ ៦នាក់ទៀត ធ្លាប់ ធ្វើដំណើរទៅបណ្ដាប្រទេសអាស៊ានមួយចំនួន ហើយខ្លះទៀត ធ្វើដំណើរ ចេញពីអាស៊ាន ទៅកាន់ផ្នែកខ្លះនៃតំបន់អាស៊ី៕