(បាងកក)៖ ក្រសួងសុខាភិបាលរបស់ថៃបានប្រកាសនៅល្ងាចថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ នេះថា មនុស្សសរុប ៣៥នាក់បន្ថែមទៀតត្រូវបានធ្វើតេស្ត និងរកឃើញមានផ្ទុកជំងឺរាតត្បាតសកល COVID-19 ដែលនេះជាករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន នៅក្នុងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

សម្រាប់ករណីឆ្លងថ្មីៗទាំង ៣៥នាក់ខាងលើនេះគឺ ១៣នាក់មានប្រវត្តិធ្លាប់ចូលរួមទស្សនាផ្ទាល់ កម្មវិធីប្រកួតកីឡាប្រដាល់, ០៤នាក់ធ្លាប់ទៅលេងកន្លែងកម្សាន្តនានា និង ១២នាក់ធ្លាប់ប្រាស្រ័យទាក់ទងជិតស្និទ្ធ ជាមួយនឹងអ្នកជំងឺមុនៗ។ បន្ថែមពីនេះ ក្រសួងសុខាភិបាលថៃក៏បានព្រមានផងដែរថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នេះអាចនឹងកើនឡើងបន្ថែមទៀត យ៉ាងហោចក៏ពីចន្លោះ ៣០-៥០នាក់ក្នុងមួយថ្ងៃដែរ។

គួរបញ្ជាក់ថា ក្នុងចំណោមករណីឆ្លង COVID-19 ទាំង ២១២ករណីនោះ គឺមានអ្នកជំងឺម្នាក់ស្លាប់, ៤២ជាសះស្បើយ និង ១៦៩នាក់កំពុងសម្រាកព្យាបាល៕