(ប៉េកាំង)៖ មន្ទីរពេទ្យមួយនៅក្នុងប្រទេសចិន ក្រោមការសហការជាមួយ មូលនិធិមហាសេដ្ឋីចិនលោក ជែក ម៉ា (Jack Ma) បានចេញផ្សាយសៀវភៅ ណែនាំមួយស្តីពីការទប់ស្កាត់ ក៏ដូចជាការព្យាបាល COVID-19 ដើម្បីចែករំលែកបទពិសោធន៍របស់ចិន ដល់បណ្តាប្រទេសដែលកំពុងទទួលរងគ្រោះខ្លាំង ដោយសារជំងឺនេះនៅជុំវិញពិភពលោក។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០។ សូមចុច Link ទាញយកសៀវភៅ «វិធីទប់ស្កាត់ និងព្យាបាលជំងឺ COVID-19» https://drive.google.com/file/d/1WRjEBBsFjxDnfCm

សៀវភៅខាងលើជាភាសាចិន និងអង់គ្លេស ត្រូវបានចេញផ្សាយលើបណ្តាញអ៉ីនធើណែតក្នុងថ្ងៃពុធនេះ ហើយបុគ្គលិកផ្នែកវេជ្ជសាស្រ្ត ទាំងឡាយអាចទាញយកវាទៅមើលបាន ដោយឥតគិតថ្លៃនោះឡើយ រីឯភាសាផ្សេងៗទៀតរួមមានអ៉ីតាលី កូរ៉េ អេស៉្បាញ និងជប៉ុន នឹងត្រូវចេញផ្សាយតាមក្រោយនាពេលឆាប់ៗ។

សៀវភៅនេះត្រូវបានចងក្រងឡើង ក្រោមការណែនាំរបស់ គណៈកម្មការសុខាភិបាលជាតិចិន (ក្រសួងសុខាភិបាលរបស់ប្រទេសចិន) និងក្រោមការឧបត្ថម្ភពីមូលនិធិ Jack Ma Foundation ដែលជាស្ថានិកក្រុមហ៊ុនអាលីបាបា (Alibaba Group)។

គួរជម្រាបថា មន្ទីរពេទ្យវេជ្ជសាស្ត្រដំបូង (The First Affiliated Hospital of College of Medicine) ស្ថិតក្នុងខេត្តចេជាំង (Zhejiang) ត្រូវបានប្រើប្រាស់ជាកន្លែងផ្តោតសំខាន់ ទៅលើការព្យាបាលអ្នកជំងឺ COVID-19 ដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរប្រចាំខេត្ត Zhejiang។

សរុបមកមន្ទីរពេទ្យខាងលើនេះ ទទួលបានអ្នកជំងឺ COVID-19 ចំនួន ១០៤នាក់ ក្នុងនោះ ៧៨នាក់ធ្លាក់ខ្លួនឈឺធ្ងន់។ មកទល់ពេលនេះ ពុំមានបុគ្គលិកពេទ្យណាម្នាក់នៅទីនោះឆ្លង COVID-19 ឡើយ ហើយក៏មិនមានការធ្វើរោគវិនិច្ឆ័យខុសលើករណីសង្ស័យ ឬមួយអ្នកជំងឺដែលស្លាប់ដោយសារ COVID-19 នោះទេ។ ប្រធានមន្ទីរពេទ្យនេះសង្ឃឹមថា សៀវភៅខាងលើនឹងអាចជួយចូលរួមចំណែក បណ្តាប្រទេសដែលកំពុងរងគ្រោះដោយសារ COVID-19 ជាពិសេសពាក់ព័ន្ធនឹងការព្យាបាលអ្នកជំងឺ ដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

បច្ចុប្បន្នចំនួនករណីឆ្លងសរុបនៅក្រៅប្រទេសចិន បានកើនឡើងលើសពីក្នុងប្រទេសចិនហើយ ហើយកំពុងតែមានការបន្តកើនខ្ពស់ថែមទៀត ស្របពេលដែលករណីថ្មីនៅចិនបានថយចុះយ៉ាងច្រើន។