(វ៉ាស៊ីនតោន)៖ ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនដល់ ៦,១៣៥ករណីហើយ ក្នុងនោះមាន១១២នាក់ បានស្លាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០។

បើតាម CNN អ្នកឆ្លង ៧០ករណី គឺជាពលរដ្ឋធ្វើមាតុភូមនិវត្តន៍មកកាន់សហរដ្ឋអាមេរិក ជាពិសេសគឺពលរដ្ឋអាមេរិក ដែលត្រូវបានជម្លៀសចេញពីកប៉ាល់ Princess Diamond នៅក្នុងប្រទេសជប៉ុន។ ចំណែកឯ ៦,០៦៥ករណី ផ្សេងទៀត ត្រូវបានរាយការណ៍នៅក្នុងសហរដ្ឋអាមេរិក។ គិតមកទល់នឹងថ្ងៃពុធនេះ រដ្ឋទាំង៥០នៅក្នុង សហរដ្ឋអាមេរិក សុទ្ធតែមានករណីឆ្លង COVID-19 បន្ទាប់ពីរដ្ឋ West Virginia អះអាងពីការរកឃើញករណីឆ្លងដំបូង។

ម្យ៉ាងវិញទៀត ក្នុងចំណោមរដ្ឋទាំង៥០ រដ្ឋញូយ៉ក គឺមានចំនួនអ្នកឆ្លងច្រើនជាងគេរហូតដល់ច្រើនជាង ១,៦០០ករណី, រដ្ឋវ៉ាស៊ីនតោនច្រើនជាង ១,០០០ករណី និងរដ្ឋកាលីហ្វ័ញ៉ា មានជិត ៦០០ករណី៕