(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក Joe Biden មានលទ្ធភាពកាន់តែខ្ពស់ ដែលនឹងអាចក្លាយជាបេក្ខជនប្រធានាធិបតី តំណាងឱ្យគណបក្សប្រជាធិបតេយ្យ បន្ទាប់ពីលោកបានផ្ដួលគូប្រជែង គឺលោក Bernie Sanders នៅក្នុងការបោះឆ្នោតបឋមដែលកំពុងរងការរំខានដោយ COVID-19 នៅដ្ឋ Florida និងរដ្ឋ Illinois។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០។

បើតាមលទ្ធផលបោះឆ្នោតបឋមកាលពីថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) លោក Biden បាននាំមុខលោក Sanders ៦២ភាគរយ ទល់នឹង២៣ភាគរយ នៅក្នុងរដ្ឋ Florida ខណៈ នៅរដ្ឋ Illinois អតីតអនុប្រធានាធិបតីរូបនេះ ទទួលបានសំឡេងគាំទ្រ៥៩ភាគរយ រីឯសមាជិកព្រឹទ្ធសភា មកពីរដ្ឋ Vermont លោក Sanders ទទួលបានសំឡេងគាំទ្រ ៣៦ភាគរយ។ កាលពីថ្ងៃរដ្ឋ Arizona ក៏បានរៀបចំការបោះឆ្នោតសកលផងដែរ តែលទ្ធផលនៅរាប់នៅឡើយ។ Florida គឺជារដ្ឋមួយដែលមានសំឡេងប្រតិភូដល់ទី២១៩ នាក់ ក្នុងចំណោមប្រតិភូសរុប ១៩៩១នាក់ ដែលចាំបាច់សម្រាប់បេក្ខជនដែលចង់ក្លាយជាបេក្ខជនប្រធានាធិបតី តំណាងឱ្យគណបក្សប្រជាធិបតេយ្យ។

គួរជម្រាបថា ប្រឈមមុខនឹងការរាតត្បាតនៃ COVID-19 រដ្ឋ Maryland កាលពីថ្ងៃអង្គារ បានក្លាយជារដ្ឋចុងក្រោយគេបំផុត ដែលបានសម្រេចចិត្តលើកពេលការបោះឆ្នោត បឋម ពីថ្ងៃទី២៨ ខែមេសា ទៅថ្ងៃទី២ ខែមិថុនា។ រីឯ រដ្ឋKentucky និងរដ្ឋ Louisiana ក៏បានប្រកាសលើកពេលការបោះឆ្នោតនេះដូចគ្នាដែរ ទៅខែមិថុនា ខណៈរដ្ឋ Georgia លើកពីសប្ដាហ៍ក្រោយ ទៅខែឧសភាវិញ។ តាមតួលេខចុងក្រោយថា សហរដ្ឋអាមេរិកមានអ្នកឆ្លង COVID-19 ជិត៦,០០០នាក់ ដោយក្នុងនោះ អ្នកជំងឺ១០៥នាក់បានស្លាប់ ហើយរដ្ឋទាំង៥០ ក្នុងសហរដ្ឋអាមេរិក សុទ្ធតែមានករណីឆ្លងជំងឺនេះ៕