(ប៉េកាំង)៖ នៅក្នុងកិច្ចសន្ទនាតាមរយៈខ្សែទូរស័ព្ទមួយ រវាងប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រីអេស្ប៉ាញលោក ផេដ្រូ សាន់ឆេស (Pedro Sanchez) កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ ប្រមុខដឹកនាំចិនបាននិយាយថា ចិននឹងខិតខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីជួយដល់ប្រទេសអេស្ប៉ាញ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺរាតត្បាតសកល COVID-19 ដែលបាន និងកំពុងតែញាំញីខ្លាំងបំផុតមកលើប្រទេសអ៊ឺរ៉ុបមួយនេះ។ នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០។ 

ភ្ជាប់ជាមួយនឹងការលើកឡើង នូវសន្ទុះការរីករាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេសអេស្ប៉ាញ លោកប្រធានាធិបតី ស៊ី ជិនពីង ក្នុងនាមរដ្ឋាភិបាល និងប្រជាជនចិន បានសម្តែងការអាណិតអាសូយ៉ាងស្មោះស្ម័គ្រដល់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញទាំងអស់ ដែលកំពុងតែរងគ្រោះដោយសារវិបត្តិមួយនេះ។

លោក ស៊ី បានសង្កត់ធ្ងន់ថា តាមរយៈការខិតខំរបស់ប្រទេសទាំងមូល វិធានការបង្ការ និងគ្រប់គ្រងជំងឺរបស់ចិន គឺទទួលបានលទ្ធផលជា «វិជ្ជមាន» ហើយប្រទេសចិនឆ្លងផុតដំណាក់កាលដ៏លំបាករួចហើយ។ ដោយបានកត់សម្គាល់ថា ជំងឺរាតត្បាតសកល COVID-19 កំពុងតែផ្ទុះឡើងនៅក្នុងបណ្តាប្រទេស និងដែនដីជាច្រើននៅលើពិភពលោក លោក ស៊ី បានគូសបញ្ជាក់ទៀតថា ប្រទេសចិនមានឆន្ទៈយ៉ាងមុះមុត ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសដទៃៗទៀត និងផ្តល់ជំនួយទៅតាមលទ្ធភាពរបស់ខ្លួន ដែលអាចធ្វើទៅបាន។ ជាមួយគ្នានេះ លោក ស៊ី ជិនពីង ក៏បានសម្តែងក្តីសង្ឃឹមថា សហគមន៍អន្តរជាតិនឹងធ្វើការរួមគ្នា ដើម្បីប្រែក្លាយវិបត្តិមួយនេះទៅជាឱកាសវិញផងដែរ។

ដោយឡែកសម្រាប់ភាគីអេស្ប៉ាញឯណោះវិញ លោក Sanchez ដែលជាប្រមុខរដ្ឋាភិបាលអេស្ប៉ាញបានសម្តែងការគាំទ្រ និងពេញចិត្តជាខ្លាំងចំពោះកិច្ចសហការ និងការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការជួយគាំទ្រដល់ប្រទេសរបស់ខ្លួន ដែលកំពុងតែជួបវិបត្តិសកលមួយនេះ។ ជាមួយគ្នានេះ លោក Sanchez ក៏បានសន្យាថា នឹងការពារសុខសុវត្ថិភាពជូនប្រជាជនចិន ដែលកំពុងតែរស់នៅលើទឹកដីអេស្ប៉ាញផងដែរ។

គួរជម្រាបថា អេស្ប៉ាញជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេមួយ នៅទ្វីបអ៊ឺរ៉ុបបន្ទាប់ពីអ៉ីតាលី ដោយសារការរីករាលដាលនៃជំងឺឆ្លង COVID-19។ រហូតមកទល់នឹងពេលនេះ ប្រទេសអ៊ឺរ៉ុបមួយនេះមានករណីឆ្លងសរុបចំនួន ១០,០០០ករណី ក្នុងនោះអ្នកជំងឺខ្ទង់ ៥០០នាក់បានស្លាប់៕