(ហាណូយ)៖ អាជ្ញាធរសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ថ្មីម្នាក់ទៀត ដែលមានជាប់ពាក់ព័ន្ធនឹងវិហារសាសនាមួយ នៅក្នុងប្រទេសម៉ាឡេស៊ី ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៦៧នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលវៀតណាម អ្នកជំងឺខាងលើគឺជាបុរសម្នាក់មានអាយុ ៣៦ឆ្នាំ ទើបតែត្រឡប់មកប្រទេសនេះវិញ កាលពីថ្ងៃទី០៤ ខែមីនា តាមជើងហោះហើរលេខ VJ826 នៃក្រុមហ៊ុនអាកាសចរណ៍វៀតចេត (VietJet) ចេញពីទីក្រុងគូឡាឡាំពួរ។ បុរសម្នាក់នេះត្រូវបានគេដាក់ការសម្គាល់ឱ្យថា អ្នកជំងឺទី ៦៧ បានចូលរួមក្នុងពិធីជួបជុំសាសនាមួយ ដែលមានមនុស្សចូលរួម ១៦,០០០នាក់នៅឯវិហារមួយកន្លែង ក្នុងទីក្រុងគូឡាឡាំពួរ ហើយរូបគេក៏ជាអ្នកជំងឺទី ២ ក្នុងប្រទេសវៀតណាមផងដែរ ដែលមានប្រវត្តិធ្លាប់ពាក់ព័ន្ធនឹងពិធីជួបជុំបែបសាសនាមួយនេះ។

គួរបញ្ជាក់ថា ភូមិដែលអ្នកជំងឺទី ៦៧ ម្នាក់នេះរស់នៅ ក៏ត្រូវបានបិទផងដែរសម្រាប់រយៈពេលរហូតដល់ទៅ ២៨ថ្ងៃ ចាប់ពីយប់ថ្ងៃអង្គារម្សិលមិញនេះមកម្ល៉េះ៕