(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកគ្រោងនឹងចាប់បញ្ជូន ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន និងជនបរទេសទំាងអស់ ដែលប៉ុនប៉ងចូលទឹកដីអាមេរិកដោយខុសច្បាប់ ដើម្បីជាវិធានការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ដែលកំពុងញាំញីមហាអំណាចលេខ ១ លើលោកនេះយ៉ាងខ្លាំង។ នេះបើការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី ១៨ ខែមីនា ឆ្នាំ២០២០។

CNA ផ្អែកលើការផ្សាយដោយកាសែតញូយ៉កថែមស៍ (New York Times) បានរាយការណ៍ថា ច្បាប់ថ្មីដែលត្រូវបានគេរំពឹងថា នឹងប្រកាសឲ្យដឹងក្នុងរយៈពេល ៤៨ម៉ោងខាងមុខនេះ នឹងអនុញ្ញាតឲ្យភ្នាក់ងារល្បាតតាមព្រំដែនចាប់បញ្ជូនជនបរទេសណា ដែលព្យាយាមឆ្លងចូលព្រំដែនភាគនិរតីនៃសហរដ្ឋអាមេរិក ត្រឡប់ទៅកាន់ទឹកដីម៉ិចស៊ីកូវិញ។

កាសែតខាងលើនេះបានគូសបញ្ជាក់ទៀតថា ច្រកចេញចូលនឹងនៅតែបន្តបើកចំហ សម្រាប់ការធ្វើចរាចរណ៍ពាណិជ្ជកម្ម និងសម្រាប់ពលរដ្ឋអាមេរិកជាទូទៅ ក៏ដូចជាប្រជាជនដែលមានប័ណ្ណបៃតង និងជនបរទេសដទៃទៀតដែលមានឯកសារត្រឹមត្រូវ។ តែទោះយ៉ាងណា សេតវិមានមិនបានឆ្លើយតបទៅនឹងការស្នើសុំអត្ថាធិប្បាយ ជុំវិញរឿងនេះនៅឡើយទេ។

អ្នកតស៊ូមតិជុំវិញករណីជនអន្តោប្រវេសន៍ និងអ្នកជំនាញសុខភាពសាធារណៈ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីសក្តានុពលនៃការរីករាលដាលវីរុសកូរ៉ូណាថ្មី (COVID-19) ក្នុងចំណោមមនុស្សដែលត្រូវបានឃុំឃាំង សូម្បីតែមុនពេលមានការផ្ទុះឡើង នៃវីរុសនេះក៏ដោយ។

គួរជម្រាបថា អ្នកទោសអន្តោប្រវេសន៍ជាង ២,០០០នាក់ ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីគេ បន្ទាប់ពីមានជំងឺស្រឡទែន និងជំងឺឆ្លងដទៃទៀតៗ បានឆ្លងទៅមនុស្សជិត ៩០០នាក់ នៅចន្លោះខែកញ្ញា ឆ្នាំ២០១៨ ដល់ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ។ ពួកគេភាគច្រើនបានឆ្លងមេរោគនេះ នៅក្នុងអាគារដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ ដោយឡែក គិតត្រឹមពេលវេលានេះ ប្រទេសម៉ិកស៊ីកូបានរាយការណ៍ថា មានករណីឆ្លងជំងឺ COVID-19 ចំនួន៨២ករណីបើប្រៀបធៀបនឹងសហរដ្ឋអាមេរិកមានជិតដល់ ៦,០០០ករណីឯណោះ ដោយក្នុងនោះអ្នកជំងឺនៅអាមេរិកជាង ១០០នាក់ស្លាប់៕