(រ៉ូម)៖ នៅក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ (ពេញមួយថ្ងៃអង្គារម្សិលមិញ) មនុស្សសរុប ៣៤៥នាក់់បន្ថែមទៀតបានស្លាប់ ដោយសារតែជំងឺរាតត្បាតសកល COVID-19 នៅក្នុងប្រទេសអ៉ីតាលី ដែលប្រការនេះធ្វើឲ្យចំនួនមនុស្សស្លាប់សរុប កើនឡើងរហូតដល់ ២,៥០៣នាក់ ក្នុងចំណោមករណីឆ្លងសរុបដែលបានកើនឡើងដល់ ៣១,៥០៦ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០។

អាជ្ញាធរអ៉ីតាលីក៏បានបញ្ជាក់ផងដែរថា សិស្សថ្នាក់វេជ្ជបណ្ឌិតប្រមាណ ១០,០០០នាក់ នឹងត្រូវបញ្ចេញមុនកាលកំណត់ ដើម្បីជួយប្រទេសជាតិទប់ស្កាត់ការឆ្លង និងរីករាលដាលដ៏អាក្រក់នៃវីរុសកូរ៉ូណាថ្មី (COVID-19) ខណៈអ៉ីតាលី បានក្លាយជាប្រទេសកំពុងរងគ្រោះ ធ្ងន់ធ្ងរជាគេលើពិភពលោកនាពេលបច្ចុប្បន្ន ហើយប្រទេសអឺរ៉ុបមួយនេះ ក៏កំពុងខ្វះខាតមន្ទីរពេទ្យ គ្រឿងបរិក្ខាពេទ្យ និងបុគ្គលិកពេទ្យយ៉ាងច្រើនផងដែរ។

គួរបញ្ជាក់ថា ក្រៅពីប្រទេសអ៉ីតាលី ប្រទេសអឺរ៉ុបមួយទៀតក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយសារតែជំងឺរាតត្បាតសកល COVID-19 ផងដែរនោះគឺអេស្ប៉ាញ ដោយនៅទីនោះមានអ្នកឆ្លងលើស ១០,០០០ករណី និងអ្នកជំងឺជិត៥០០នាក់ស្លាប់៕