(ឌូបៃ)៖ ចំនួនអ្នកស្លាប់ដោយ COVID-19 នៅក្នុងប្រទេសអ៉ីរ៉ង់ បានកើនដល់៩៨៨នាក់ បន្ទាប់ពីអ្នកជំងឺ ១៣៥នាក់បន្ថែមទៀត ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិត ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ ពេញមួយថ្ងៃចន្ទម្សិលមិញ។ នេះបើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ង់ ដកស្រង់ចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក អ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ង់ លោក Kianush Jahanpur បានគូសបញ្ជាក់ដូច្នេះថា៖ «ចំនួនអ្នកស្លាប់ ដោយសារ COVID-19 បានកើនដល់៩៨៨នាក់ហើយ...ខណៈអ្នកឆ្លងថ្មី ១,១៧៨ករណី ត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោង ដោយធ្វើឱ្យអ្នកឆ្លង សរុបនៅទូទាំងប្រទេសកើនដល់ ១៦,១៦៩ករណី និងអ្នកជំងឺ ៥,៣៨៩នាក់ បានជាសះស្បើយ»៕