(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានផែនការស្នើសុំកញ្ចប់ថវិកា ៨៥០ពាន់លានដុល្លារ ដើម្បីយកប្រើប្រាស់ក្នុងការជួសជុលការខាតបង់ ផ្នែកសេដ្ឋកិច្ច ដែលបង្កឡើងដោយ COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Washington Post នៅថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។

សារព័ត៌មាន Washington Post ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលមន្ត្រីអាមេរិក៤នាក់ ក្នុងលក្ខណមិនបញ្ចេញឈ្មោះ។ មន្ត្រីទាំងនេះដដែល ក៏បានបញ្ជាក់ដែរថារដ្ឋមន្ត្រីរតនាគារអាមេរិក លោក Steven Mnuchin មានគម្រោងពិភាក្សាមួយស្ដីពីសំណើកញ្ច ប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ ជាមួយក្រុមសមាជិក ព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ នៅថ្ងៃអង្គារនេះ។ ប៉ុន្តែ ខាងសេតវិមាន មិនទាន់ធ្វើអត្ថាធិប្បាយអ្វីទៅនឹងសេចក្ដីរាយការណ៍របស់ Washington Post៕