(បាងកក)៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា នាថ្ងៃអង្គារនេះបានប្រកាសថា រាល់គ្រឹះស្ថានអប់រំគ្រប់ប្រភេទក្នុងប្រទេសថៃ នឹងត្រូវចាប់ផ្តើមបិទទ្វារពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែមីនា ដែលវាគឺជាផ្នែកនៃកិច្ចប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលនៃ COVID-19 នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅយប់ថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។

លោក ប្រាយុទ្ធ បានគូសបញ្ជាក់ថា គ្រឹះស្ថានអប់រំគឺជាកន្លែងងាយ ក្នុងការឆ្លងរាលដាលនៃ COVID-19 ដូច្នេះហើយគឺតម្រូវឲ្យបិទទ្វារជាបណ្តោះអាសន្ន ចាប់ពីថ្ងៃពុធសប្តាហ៍នេះតទៅ សម្រាប់រយៈពេល ០២សប្តាហ៍។ កន្លែងប្រកួតកីឡា និងកន្លែងកម្សាន្តនានា នៅក្នុង និងជុំវិញរាជធានីបាងកក ក៏នឹងត្រូវបិទរយៈពេល ០២សប្តាហ៍ដូចគ្នាដែរ ខណៈហាងលក់ទំនិញ និងភោជនីយដ្ឋាននឹងត្រូវអនុញ្ញាតឲ្យបន្តបើកដដែល ប៉ុន្តែត្រូវបន្ថែមចំណាត់ការការពារ ដើម្បីបន្ថយហានីភ័យនៃការឆ្លង។

សម្រាប់ពិធីបុណ្យចូលឆ្នាំនៅថៃគឺពីថ្ងៃទី១៣ ខែមេសា ដល់ទី១៥ ខែមេសា ត្រូវបានពន្យារពេលបណ្តោះអាសន្ន ហើយកាលបរិច្ឆេទថ្មី នឹងត្រូវប្រកាសក្នុងពេលខាងមុខ។

គួរជម្រាបថា ចំនួនអ្នកដែលឆ្លង COVID-19 នៅក្នុងប្រទេសថៃបានកើនដល់ ១៧៧ករណី ក្រោយរកឃើញ ៣០ករណីថ្មីនៅថ្ងៃអង្គារនេះ។ ភាគច្រើននៃករណីទាំងនោះគឺ ៧០-៨០ភាគរយ ត្រូវបានរកឃើញនៅក្នុងរាជធានីបាងកកផ្ទាល់៕