(គូឡាឡាំពួរ)៖ បន្ទាប់ពីមានការរាយការណ៍ថា អ្នកជំងឺ COVID-19 ម្នាក់បានស្លាប់ តែប៉ុន្មានម៉ោងប៉ុណ្ណោះរដ្ឋមន្រ្តីសុខាភិបាលម៉ាឡេស៊ី បានរាយការណ៍បន្ថែមទៀតថា អ្នកជំងឺ COVID-19 មា្នក់ទៀតក៏បានបាត់បង់ជីវិតផងដែរ នៅក្នុងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNA នៅយប់ថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។

អ្នកជំងឺដំបូងដែលស្លាប់គឺជាបុរសវ័យ ៦០ឆ្នាំម្នាក់ ជាគ្រូគង្វាលនៅព្រះវិហារគ្រិស្តមួយកន្លែងក្នុងទីក្រុង សារ៉ាវ៉ាក (Sarawak) រីឯងអ្នកជំងឺទីពីរដែលទើបស្លាប់នេះវិញ គឺជាបុរសវ័យត្រឹម ៣៤ឆ្នាំម្នាក់ ដែលបានចូលរួមក្នុងពិធីជួបជុំបែបសាសនាដ៏ធំមួយ នៅព្រះវិហារអ៉ីស្លាមមួយកន្លែង ក្នុងទីក្រុងគូឡាឡាំពួរ។

ពិធីជួបជុំនោះដែលបានរៀបចំឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា មានមនុស្សចូលរួមដល់ទៅ ១៦,០០០នាក់ក្នុងនោះមាន ១៤,៥០០នាក់ ជាពលរដ្ឋម៉ាឡេស៊ីផ្ទាល់ និង ១,៥០០នាក់ជាជនបរទេស ហើយមកទល់ពេលនេះអ្នកចូលរួមច្រើនជាង ៨,០០០នាក់បានមកឲ្យគេធ្វើការពិនិត្យសុខភាព។

គួរជម្រាប មកទល់ពេលនេះចំនួនអ្នកឆ្លង COVID-19 នៅម៉ាឡេស៊ី បានកើនឡើងដល់ ៦៧៣ករណីដែលជាហេតុធ្វើឲ្យប្រទេសនេះ ជាប្រទេសរងគ្រោះខ្លាំងជាងគេប្រចាំនៅតំបន់អាស៊ាន៕