(សៀងហៃ)៖ អ្នកជំនាញសុខាភិបាល នៅទីក្រុងសៀងហៃប្រទេសចិន បាននិយាយថា វ៉ាក់សាំងប្រភេទ mRNA មួយប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី (COVID-19) នឹងត្រូវធ្វើតេស្តសាកល្បងលើមនុស្ស នៅពាក់កណ្តាលខែមេសាខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។

វ៉ាក់សាំង mRNA នេះត្រូវបានអភិវឌ្ឍឡើងរួមគ្នា រវាងក្រុមហ៊ុនអភិវឌ្ឍឱសថនានា ដោយផ្អែកលើបច្ចេកវិទ្យា RNA ឈ្មោះ ស្ទែមើណា សែរ៉ាភើទិច (Stemirna Therapeutics) មានមូលដ្ឋាននៅទីក្រុងសៀងហៃ និងមន្ទីរពេទ្យសៀងហៃខាងកើត។ នៅសៀងហៃ ក៏មានការអភិវឌ្ឍវ៉ាក់សាំងមួយប្រភេទទៀតផងដែរគឺ VLP ដែលកំពុងស្ថិតក្រោមការសិក្សាស្រាវបន្ថែមទៀត នៅឯវិទ្យាស្ថានប៉ាស្ទ័រនៃទីក្រុងសៀងហៃ។

គួរជម្រាបថា ចាប់តាំងតែពីវីរុសកូរ៉ូណាថ្មី បានផ្ទុះរាលដាលឡើង ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តទៅលើ វិធីសាស្រ្តព្យាបាល ថ្នាំដែលមានប្រសិទ្ធភាព និងវ៉ាក់សាំងសម្រាប់ប្រឆាំងវា បានក្លាយជាកិច្ចប្រឹងប្រែងរួមជាសកល។ នៅសហរដ្ឋអាមេរិក ការធ្វើតេស្តវ៉ាក់សាំងប្រឆាំងនឹង COVID-19 ទើបតែបានធ្វើឡើងទៅលើមនុស្សមួយក្រុម ខណៈក្រុមហ៊ុនជាច្រើនផ្សេងទៀត កំពុងតែចំណាយថវិកា និងពេលវេលា ដើម្បីផលិតឲ្យបានវ៉ាក់សាំង ដែលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពប្រឆាំងនឹងវីរុសកូរ៉ូណាថ្មីនេះ៕