(ឌូបៃ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌អ៉ីរ៉ង់ នៅថ្ងៃអង្គារនេះបាននិយាយថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានសម្រេចចិត្តដោះលែងអ្នកទោស ៨៥,០០០នាក់ ក្នុងនោះរួមមានទាំងអ្នកនយោបាយ ជាបណ្ដោះអាសន្នសិន ជាវិធានការចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃអង្គារនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌អ៉ីរ៉ង់ លោក ហ្គោឡេមហូស្សេន អ៊ីស្មៃលី (Gholamhossein Esmaili) បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «៥០ភាគរយនៃ អ្នកដែលត្រូវបានដោះលែងជាបណ្ដោះអាសន្ន គឺមានជាប់ពាក់ព័ន្ធនឹងសុវត្ថិភាពអ្នកទោស... និងដើម្បីចូលរួមទប់ស្កាត់ ការរាតត្បាតនៃជំងឺ COVID-19»។ ប៉ុន្តែព្រមពេលជាមួយគ្នាលោក Esmaili មិនបានលម្អិតថា តើពេលទើបអ្នកទោសទំាងនោះ ត្រូវនាំមកពន្ធនាគារវិញ ឬមួយក៏អាជ្ញាធរនឹងត្រូវគ្រប់គ្រងពួកគេ ដោយវិធីណាខ្លះនោះទេ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទម្សិលមិញ អ៉ីរ៉ង់មានឆ្លង COVID-19 ទូទាំងប្រទេស ១៤,៩៩១នាក់ក្នុងនោះអ្នកជំងឺ ៨៥៣នាក់ស្លាប់ ដែលរួមមានទាំងមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ មួយចំនួនក៏បានបាត់បង់ជីវិត៕