(វ៉ា់សូវី)៖ បណ្តារដ្ឋមន្រ្តីនៅប៉ូឡូញនាំគ្នាធ្វើតេស្តពិនិត្យរកមើល COVID-19 បន្ទាប់ពីរដ្ឋមន្រ្តីបរិស្ថានប្រទេសនេះ បានធ្វើតេស្តទៅឃើញ វិជ្ជមាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។

លោក Michal Dworczyk ប្រធានខុទ្ទការល័យនាយករដ្ឋមន្រ្តីប៉ូឡូញ នាថ្ងៃអង្គារនេះ បានឲ្យដឹងថា រដ្ឋមន្រ្តីប៉ូឡូញជាង១០នាក់ បាននាំគ្នា ទៅទទួលការធ្វើតេស្តរក COVID-19 បន្ទាប់ពីរដ្ឋមន្រ្តីបរិស្ថាន Michal Wos បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា លោកបានឆ្លង COVID-19។ បើតាមលោក Dworczyk ៩នាក់ក្នុងចំណោមរដ្ឋមន្រ្តី២៤នាក់ បានអវត្តមានក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកចុងក្រោយបំផុត ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០ ខែមីនា ដោយអ្នកវត្តមានរួមមានទាំងនាយករដ្ឋមន្រ្តីប៉ូឡូញ លោក Mateusz Morawiecki និង រដ្ឋមន្រ្តីសុខាភិបាល លោក Lukasz Szumowski។

គួរជម្រាបថា បើតាមលោក Dworczyk លទ្ធផលរបស់រដ្ឋមន្រ្តីប៉ូឡូញដែលបានធ្វើតេស្ត នឹងចេញមកក្នុងពេលឆាប់ៗ ខណៈពួកគេកំពុងរង់ចាំដោយ ស្ថិតក្រោមការនៅដាច់ដោយឡែក។ បើតាមក្រសួងសុខាភិបាលប៉ូឡូញនៅថ្ងៃអង្គារនេះ ចំនួនអ្នកដែលឆ្លង COVID-19 នៅប៉ូឡូញបានកើន ដល់២០៥នាក់ និងស្លាប់៥នាក់៕