(ស្វីស)៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់ស្វីសម្នាក់ បានព្រមានថា មន្ទីរពេទ្យនានានៅក្នុងប្រទេសអឺរ៉ុបមួយនេះអាចនឹងដួលរលំ (ខ្វះខាតគ្រឿងបរិក្ខា ឬជាប់គាំង ដោយសារអ្នកជំងឺច្រើនលើសការកំណត់) បើសិនជាករណីឆ្លងថ្មីនៃជំងឺ COVID-19 នៅតែបន្តកើនឡើង យ៉ាងឆាប់រហ័សដូចសព្វថ្ងៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។

លោក ដានីញែល ខូច (Daniel Koch) ជាប្រធានអង្គភាពប្រយុទ្ធប្រឆាំងជំងឺឆ្លង នៃទីភ្នាក់ងារសុខាភិបាលសហព័ន្ធស្វីស ក៏បានជំរុញផងដែរឱ្យប្រជាជនស្វីសទាំងអស់ អនុវត្តតាមវិធានការរបស់រដ្ឋាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតរបស់ COVID-19។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ SRF លោក Koch បានគូសបញ្ជាក់ដូច្នេះថា «វីរុសកំពុងស្ថិតនៅក្នុងចំណោមពួកយើងទាំងអស់គ្នា។ បច្ចុប្បន្ន យើងកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុតដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាត... ប៉ុន្តែបើករណីឆ្លងថ្មីៗ នៅតែបន្តកើនឡើងយ៉ាងឆាប់រហ័ស នោះមន្ទីរពេទ្យអាចនឹងបាក់រលំ»

គួរជម្រាបថា មកទល់នឹងបច្ចុប្បន្ន ស្វីសមានអ្នកឆ្លង COVID-19 ច្រើនជាង ២,៣៣០នាក់ ក្នុងនោះមាន១៤នាក់បានស្លាប់។ ជាវិធានការទប់ស្កាត់ រដ្ឋាភិបាលស្វីស ក៏ បានដាក់ពង្រាយផងដែរកាលពីថ្ងៃចន្ទ នូវកងកម្លាំង ៨,០០០នាក់ ព្រមទាំងហាមឃាត់រាល់ការប្រមូលផ្ដុំនៅតាមទីសាធារណៈ និងលក្ខណៈឯកជន បន្ទាប់ពីប្រកាស ពីភាពអាសន្នពិសេសប្រឆាំង COVID-19៕