(ម៉ានីល)៖ កោះលូហ្សុន (Luzon) ដែលជាកោះដ៏ធំបំផុតមួយ និងមានប្រជាជនរស់នៅច្រើនជាងគេខ្ទង់៥០លាននាក់ របស់ប្រទេសហ្វីលីពីន និងជាទីរដ្ឋធានីម៉ានីលតាំងនៅផងដែរនោះ ត្រូវបានរដ្ឋាភិបាលហ្វីលីពីនសម្រេចបិទហើយ ដោយរាល់មធ្យោបាយដឹកជញ្ជូនសាធារណៈ ត្រូវបានផ្អាក ខណៈប្រជាពលរដ្ឋទាំងអស់ដែលរស់នៅលើកោះនោះ ត្រូវបានហាមឃាត់មិនឲ្យចាកចេញពីផ្ទះឡើយ លើកលែងតែក្នុង ករណីចាំបាច់បំផុតប៉ុណ្ណោះ។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN Philippines នារសៀលថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។

រាល់កន្លែងធ្វើការទាំងអស់ មិនថារដ្ឋឬឯកជនត្រូវបានផ្អាកប្រតិបត្តិការ លើកលែងតែផ្សារទំនើប ហាងលក់ទំនិញ មន្ទីរពេទ្យ ឱសថស្ថាន និងធនាគារ ព្រមទាំងសេវាកម្មដឹងជញ្ជូនអារហារ និងស្ថានីយ៍ផ្តល់ទឹកប៉ុណ្ណោះ ដែលនៅតែបន្តអនុញ្ញាតឲ្យបន្តបើកទ្វារ។

ចាប់ពីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី១៧ ខែមីនា នេះតទៅ ប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅលើកោះលូហ្សុន មានពេល ៧២ម៉ោង ពោលគឺរហូតដល់ថ្ងៃសុក្រដើម្បីចាកចេញពីកោះ Luzon ប្រសិនបើពួកគេចង់ធ្វើបែបនោះ ប៉ុន្តែបើរយៈពេលនេះបានកន្លងផុតទៅ រាល់ការធ្វើដំណើរតាមផ្លូវអាកាសទាំងអស់នឹងត្រូវផ្អាក។ តែទោះជាយ៉ាងណា ជនជាតិហ្វីលីពីនដែលមានទីលំនៅជាអចិន្ត្រៃយ៍នៅទីនោះ និងអ្នកកាន់ទិដ្ឋាការការទូត នៅតែត្រូវបានអនុញ្ញាតឲ្យចូលមកកោះ Luzon ដដែល ហើយចរាចរណ៍ទំនិញក៏ដូចគ្នា។

កម្លាំងប៉ូលិសហ្វីពីនជាង៧០,០០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីអនុវត្តវិធានការបិទកោះ Luzon នេះ ហើយប្រសិនជាជនណាត្រូវបាន រកឃើញថាល្មើសវិធានការ នឹងត្រូវប្រឈមមុខការចាប់ខ្លួន។ ដំបូងឡើយ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ហ្វីលីពីនបានបិទតែតំបន់ Metro Manila លើកោះ Luzon ប៉ុណ្ណោះ។

គួរជម្រាបថា អាជ្ញាធរប្រទេសហ្វីលីពីនបានរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួនយ៉ាងតិច១៤២ករណី ហើយក្នុងនោះ១២នាក់ស្លាប់៕