(វ៉ាស៊ីនតោន)៖ វេជ្ជបណ្ឌិត លោក Thomas Tsai បានព្រមានថាសហរដ្ឋអាមេរិក អាចនឹងប្រឈមមុខនឹងការខ្វះខាត គ្រែ ឧបករណ៍វាស់ស្ថានភាពអ្នកជំងឺ និងម៉ាស ស្របពេលចំនួនអ្នកឆ្លង COVID-19 កើនឡើងជាបន្តបន្ទាប់ ដែលនេះអាចនឹងបង្ខំឱ្យក្រុមគ្រូពេទ្យ ត្រូវជ្រើសរើសអ្នកជំងឺសម្រាប់ព្យាបាល។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។

លោក វេជ្ជបណ្ឌិត Thomas Tsai ដែលជាគ្រូពេទ្យជំនាញវះកាត់ និងជាជំនួយការសាស្ត្រាចារ្យម្នាក់ នៅឯសាលា Harvard's School of Public Health ធ្វើការព្រមានបែបនេះ បន្ទាប់ពីក្រសួងសុខាភិបាលអាមេរិកវាយតម្លៃថា សហរដ្ឋអាមេរិក អាចនឹងត្រូវការគ្រែសម្រាប់បន្ទប់សង្រ្គោះបន្ទាន់ ឬ ICU យ៉ាង ហោច ២០០,០០០គ្រែ ក្នុងវិបត្តិមានលក្ខណៈមធ្យម និងអាចនឹងកើនដល់ ២.៩លានគ្រែ នៅក្នុងវិបត្តិធ្ងន់ធ្ងរ។ លោក Thomas បានបន្ថែមដូច្នេះថា៖« អ្នកទាំងអស់គ្នា បានឃើញហើយថានៅលើថ្នើរនៅតាមផ្សារនានា គឺទទេស្អាត ដែលនេះបង្កជាកង្វល់...ហើយអ្នកសាកស្រមៃទៅមើល ស្ថានភាពគួរឱ្យបារម្ភបែបនេះក៏អាចនឹង កើតឡើងផងដែរ បើសិនជាមន្ទីរពេទ្យខ្វះខាតសម្ភារៈការពារសម្រាប់គ្រូពេទ្យ និងឧបករណ៍វាស់ស្ថានភាពអ្នកជំងឺ ក្នុងករណីស្ថានភាពបច្ចុប្បន្ន កាន់តែយ៉ាប់យ៉ឺន នៅប៉ុន្មានថ្ងៃ ឬសប្ដាហ៍ខាងមុខទៀតនេះ»។

គិតត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ សហរដ្ឋអាមេរិក មានអ្នកឆ្លង COVID-19 ច្រើនជាង ៤,៦០០ករណី និងស្លាប់៨៥នាក់៕