(គូឡាឡាំពួរ)៖ សមាជិកសភាម៉ាឡេស៊ី មកពីទីក្រុង Kuching នៃគណបក្ស DAP លោក Kelvin Yii ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុកជំងឺ COVID-19។ នេះបើតាម ប្រធានគណបក្ស DAP លោក Chong Chieng Jen ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។

លោក Chong បានឱ្យដឹងទៀតថា លោកផ្ទាល់ និងលោក Kelvin Yii បានទទួលលទ្ធផលធ្វើតេស្ដពីក្រសួងសុខាភិបាលម៉ាឡេស៊ី កាលពីយប់ថ្ងៃចន្ទ ហើយលទ្ធផល សម្រាប់លោក គឺ«អវិជ្ជមាន» តែលោក Yii បែរជាឆ្លង COVID-19 ទៅវិញ។ បច្ចុប្បន្ន លោក Yii កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ Sarawak General Hospital ក្នុងទីក្រុង Kuching និងមានស្ថានភាពសុខភាពនឹងនរ។

គិតត្រឹមថ្ងៃចន្ទម្សិលមិញ ម៉ាឡេស៊ីបានរាយការណ៍ពីការរកឃើញអ្នកឆ្លងថ្មីនៃ COVID-19 ចំនួន ១២៥នាក់ទៀត ក្នុងនោះមាន ៩៥ករណីមានជាប់ទាក់ទងជាមួយនឹង ពិធីជួបជុំលក្ខណៈសាសនា ដែលបានប្រព្រឹត្តទៅនៅព្រះវិហារអ៉ីស្លាមមួយកន្លែង ស្ថិតក្នុងតំបន់ ស្រ៊ី ផេថាលីង (Sri Petaling) នៃទីក្រុងគូឡាំឡាំពួរ។ បើធ្វើការ បូកបន្ថែមនឹងករណីថ្មីនេះ តួលេខសរុបនៃអ្នកឆ្លង COVID-19 នៅម៉ាឡេស៊ីបានកើនដល់ ៥៥៣ករណី ក្នុងនោះអ្នកជំងឺជាង ៤០នាក់បានជាសះស្បើយ៕