(ម៉ានីល)៖ មេដឹកនាំសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភាហ្វីលីពីន លោក Juan Miguel Zubiri កាលពីថ្ងៃចន្ទម្សិលមិញ បានប្រកាសឲ្យដឹងថា រូបលោកបានឆ្លងជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN Philippines នៅថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។

លោក Zubiri បានបញ្ជាក់ថា ទោះជាយ៉ាងនេះក្តី លោកមិនទាន់ចេញរោគសញ្ញាអ្វីឡើយ ហើយកំពុងតែនៅដាច់ដោយឡែកពីគេក្នុងផ្ទះ។ លោក Zubiri បានបន្តថា លោកបានធ្វើតេស្តរក COVID-19 កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយលទ្ធផលទើបចេញកាលពីថ្ងៃចន្ទម្សិលមិញ។ បើតាមសមាជិកសភាហ្វីលីពីនរូបនេះ លោកទទួលបានដំណឹងពីរដ្ឋមន្រ្តីសុខាភិបាលហ្វីលីពីនថា លោកបានធ្វើប្រាស្រ័យទាក់ទងជាមួយ អ្នកជំងឺ COVID-19 ម្នាក់ ទើបបណ្តាលឲ្យលោកឆ្លងបែបនេះ។

គួរជម្រាបថា ប្រការនេះបានធ្វើឲ្យសមាជិកព្រឹទ្ធសភាហ្វីលីពីនជាច្រើននាក់ផ្សេងទៀត នាំគ្នាអនុវត្តវិធានការនៅដាច់ដោយឡែក ដើម្បីតាម ដានសុខភាព។ បច្ចុប្បន្ន ហ្វីលីពីនបានរកឃើញអ្នកឆ្លង COVID-19 សរុប១៤២នាក់ ក្នុងនោះស្លាប់១២នាក់៕