(តូក្យូ)៖ ក្រសួងសុខាភិបាលជប៉ុនបានប្រកាសនៅថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០ នេះថា ចំនួនអ្នកឆ្លងជំងឺរាតត្បាតសកល COVID-19 នៅក្នុងប្រទេសដីកោះមួយនេះ បានកើនឡើងដល់ ៨២១ករណីហើយ ដោយក្នុងនោះអ្នកជំងឺ ៣៥នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ។

ក្រសួងសុខាភិបាលជប៉ុនបានបញ្ជាក់ថា នៅក្នុងចំណោមអ្នកឆ្លងទាំង ៨២១ករណីនោះ គឺមាន ១៥២ករណីនៅខេត្តហុកកៃដូ (Hokkaido) ដែលកំពុងស្ថិតនៅក្នុងការប្រកាសអាសន្ននៅឡើយ ខណៈនៅខេត្តអាយឈិ (Aichi) មានអ្នកឆ្លង ១២៣ករណី, អូសាកា (Osaka) ១០៨ករណី, ហ៊ីយ៉ូកុ (Hyogo) ៨២ករណី និងកាណាហ្គាវ៉ា (Kanagawa) ៥៥ករណី។

គួរបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺទាំង ៣៥នាក់ដែលបានបាត់់បង់ជីវិតនោះ គឺភាគច្រើនបំផុតជាមនុស្សមានវ័យចាស់ជរា ហើយតួលេខនេះក៏ត្រូវបាន រាប់បញ្ចូលទាំងអ្នកដែលបានបាត់បង់ជីវិតចំនួន ០៧នាក់ ក្រោយចុះចេញពីកប៉ាល់ទេសចរណ៍ ដាយមិនដ៍ ព្រីសេស (Diamond Princess) ផងដែរ។ សម្រាប់តួលេខខាងលើនេះ គឺអាជ្ញាធរជប៉ុនមិនបានធ្វើការរាប់បញ្ចូលករណីឆ្លង COVID-19 ដែលត្រូវបានរកឃើញចំនួនជាង ៧០០ករណីនៅលើកប៉ាល់ Diamond Princess ទៅក្នុងបញ្ជីនៃអ្នកឆ្លងសរុប ក្នុងប្រទេសរបស់ខ្លួនឡើយ៕