(សេអ៊ូល)៖ កូរ៉េខាងត្បូងនាថ្ងៃអង្គារនេះបានប្រកាសថា ខ្លួននឹងរឹតបន្តឹងឲ្យខ្លាំងថែមទៀត ចំពោះអ្នកដំណើរមកពីក្រៅប្រទេស ក្នុងនោះគឺរួមទាំងពលរដ្ឋកូរ៉េខាងត្បូងផ្ទាល់ ដើម្បីជួយទប់ស្កាត់ករណីនាំចូលនៃ COVID-19 ខណៈដែលការឆ្លងរាលដាលក្នុងប្រទេសខ្លួនផ្ទាល់ កំពុងតែត្រឡប់ឆ្ពោះទៅរកភាពធូរស្រាលដូចចិន។ នេះបើតាមការចេញផ្សាយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។

អនុរដ្ឋមន្រ្តីសុខាភិបាលកូរ៉េខាងត្បូង លោក គីម កាងលីព (Kim Kang-lip) បាននិយាយថា នីតីវិធីផ្នែកអន្តោប្រវេសន៍ដែលត្រូវបានរឹងបន្តឹង នឹងត្រូវដាក់ឲ្យអនុវត្ត ទាំងទៅលើពលរដ្ឋកូរ៉េខាងត្បូង និងជនបរទេសមកពីគ្រប់បណ្តាប្រទេស ចាប់ពីយប់កណ្តាលអធ្រាត្រថ្ងៃអង្គារនេះទៅ។ លោក Kim បានគូសបញ្ជាក់ថា វិធានការរឹតបន្តឹងនេះ ត្រូវបានសម្រេចដាក់ចេញដោយសារតែពេលថ្មីៗនេះ អ្នកដែលមកកូរ៉េខាងត្បូង ហើយបង្ហាញរោគសញ្ញាសង្ស័យ ឬក៏មានផ្ទុក COVID-19 គឺកាន់តែច្រើនឡើង ស្របពេលដែលវាកំពុងរាលដាលខ្លាំងជុំវិញពិភពលោក។

កន្លងមកនេះ កូរ៉េខាងត្បូងបានដាក់ចេញនីតិវិធីផ្នែកអន្តោប្រវេសន៍ ដែលតឹងរ៉ឹងជាងមុន តែទៅលើប្រទេសអ៉ីរ៉ុបទាំងអស់ ព្រមទាំងចិន ជប៉ុន និងអ៉ីរ៉ង់ប៉ុណ្ណោះ ប៉ុន្តែឥឡូវក៏បានសម្រេចពង្រីកបន្ថែមលើជនបរទេស មកពីគ្រប់ប្រទេសទាំងអស់ និងទៅលើពលរដ្ឋកូរ៉េខាងត្បូងផ្ទាល់។ នៅក្រោមវិធានការនេះ អ្នកមកពីក្រៅប្រទេសទាំងអស់ គឺតម្រូវឲ្យទៅទទួលការពិនិត្យកម្តៅខ្លួន បំពេញឯកសារស្តីពីស្ថានភាពសុខភាព ហើយផ្តល់លេខទូរស័ព្ទទាក់ទង និងអាស័យដ្ឋានស្នាក់នៅដល់អាជ្ញាធរសុខាភិបាល ដែលប្រចាំការនៅតាមអាកាសយានដ្ឋាន នៅក្នុងប្រទេសកូរ៉េខាងត្បូង។

បន្ថែមពីខាងលើនេះ អ្នកដំណើរចូលមកកូរ៉េខាងត្បូង ក៏នឹងត្រូវទាមទារឲ្យដោនឡូតកម្មវិធី «ស្វ័យធ្វើរោគវិនិច្ឆ័យ» តាមស្មាតហ្វូន ដើម្បីផ្តល់លទ្ធផលតាមដានសុខភាពសម្រាប់កំឡុង ១៤ថ្ងៃ ដល់អាជ្ញាធរកូរ៉េខាងត្បូង ហើយនឹងត្រូវដាក់ក្រោមការពិនិត្យ និងថែទាំយ៉ាងដិតដល់តែម្តង ប្រសិនបើពួកគេចេញរោគសញ្ញាសង្ស័យ។

គួរជម្រាបថា នៅថ្ងៃអង្គារនេះករណីអ្នកឆ្លង COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងលើសពី ៨,៣០០នាក់ (ក្នុងនោះជាង ៨០នាក់ស្លាប់) ខណៈអត្រាអ្នកឆ្លងថ្មីៗប្រចាំថ្ងៃបានបន្តស្ថិតក្រោម ១០០នាក់ នារយៈពេល ០៣ថ្ងៃជាប់គ្នាមកហើយ៕