(យ៉ាំងហ្គន)៖ ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) នាដើមសប្តាហ៍នេះបានអំពាវនាវ ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាទាំងអស់ ឲ្យចូលរួមជាមួយរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងរីករាលដាល COVID-19 បើទោះបីជាប្រទេសនេះមិនទាន់មាន ករណីឆ្លងជំងឺរាតត្បាតសកលនេះក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី ១៧ ខែមីនា ឆ្នាំ ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈ លោកស្រីទីប្រឹក្សារដ្ឋបានសង្កត់ធ្ងន់ថា ការចូលរួមរបស់សាធារណៈជន គឺជាកត្តាចាំបាច់បំផុត ដើម្បីយកឈ្នះលើជំងឺរាតត្បាតសកល COVID-19។ លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ក៏បានមានប្រសាសន៍ទៀតថា ដើម្បីការពារប្រទេសពីការធ្លាក់ចុះសេដ្ឋកិច្ច រដ្ឋាភិបាលនឹងចាត់វិធានការបន្ធូរបន្ថយពន្ធ និងកាត់បន្ថយអត្រាការប្រាក់សម្រាប់អាជីវកម្មណា ដែលទំនងជានឹងទទួលរងផលប៉ះពាល់ ដោយផ្ទាល់ពីវិបត្តិមួយនេះ។ ក្នុងចំណោមអាជីវកម្មទាំងនោះ តួយ៉ាងមានដូចជាវិស័យកាត់ដេរ សណ្ឋាគារ ឧស្សាហកម្មទេសចរណ៍ ព្រមទាំងសហគ្រាសធុនតូច និងមធ្យមជាដើម។

ជាមួយនឹងការសន្យាថា នឹងផ្តល់ជូនព័ត៌មានទាន់ហេតុការណ៍ជំវិញជំងឺ COVID-19 ដល់សាធារណៈជន លោកស្រី អ៊ុងសាន ស៊ូជី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាទាំងអស់ ឲ្យមានការចូលរួមជាមួយរដ្ឋាភិបាល ក្នុងការគ្រប់គ្រងក្លែងក្លាយ ឬហៅថា «Fake News» ដោយត្រូវទទួលយកតែព័ត៌មានណា ដែលមានប្រភពច្បាស់លាស់ និងផ្លូវការប៉ុណ្ណោះ។ ព្រោះបើតាមលោកស្រី ព័ត៌មានក្លែងក្លាយគឺជាប្រភពនៃភាពស្លន់ស្លោ និងជ្រួលច្របល់ ដែលអាចនាំមានអស្ថិរភាពក្នុងសង្គម។

ទន្ទឹមនឹងនេះដែររដ្ឋាភិបាលមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រសប្តាហ៍មុន បានប្រកាសពីការរឹតត្បិតនៃការប្រមូលផ្តុំជាសាធារណៈធំៗ និងព្រឹត្តិការណ៍សាធារណៈមួយចំនួន រួមមានទាំងពិធីបុណ្យអុំទូកប្រពៃណី រហូតដល់ចុងខែមេសាផងដែរ។ វិធានការរឹតបន្តឹងនេះ ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីអង្គការសុខភាពពិភពលោក WHO បានប្រកាសចាត់ទុកថា ជំងឺ COVID-19 ជាជំងឺរាតត្បាតសកល។

គួរជម្រាបថា បើយោងតាមការចេញផ្សាយរបស់ នាយកដ្ឋានសុខភាពសាធារណៈមីយ៉ាន់ម៉ាបានឲ្យដឹងថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅមិនទាន់មានករណីឆ្លងជំងឺ COVID-19 នៅឡើយទេ៕